ដោយៈតារារិទ្ធ/កំពង់ឆ្នាំង៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថាមន្ត្រីគណបក្ស ប្រជាជនកម្ពុជាតែងតែបង្ហាញមុខនៅពេលប្រជាពលរដ្ឋជួបប្រទះការលំបាកណាមួយដោយមិនដែលមើលរំលងទុក្ខលំបាករបស់ប្រជាពលរដ្ឋម្ដងណាឡើយ។

សម្តេចតេជោហ៊ុនសែនថ្លែងបែបនេះក្នុងពីធីផ្តល់ស្រូវពូជជូនដល់ប្រជាកសិករជាងបីពាន់គ្រួសារក្នុងខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី ២៦ ខែតុលានេះ។សម្តេចតេជោបន្តថា គណបក្សប្រជាជនកម្ពុជាមិនដែលមើលរំលងទុក្ខ លំបាករបស់ប្រជាពលរដ្ឋដោយមន្ត្រីគណបក្សប្រជាជនកម្ពុជាតែងតែចុះជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។

សម្ដេចតេជោបានថ្លែងបន្ថែមថានៅពេលប្រជាពលរដ្ឋជួបប្រទះការលំបាកច្បាស់ណាស់គឺឃើញមុខគណបក្សប្រជាជនមិនមែនឃើញសមាជិកគណបក្សប្រជាជនតែពេលឃោសនាបោះឆ្នោតនោះទេចំណុចនេះបងប្អូនអាចដឹងបានហើយថាយើងរស់នៅជាមួយគ្នារយៈពេល ៤៣ ឆ្នាំរួចមកហើយ ជិត ៤៤ឆ្នាំ។

សម្តេចតេជោហ៊ុនសែនបន្តថាគណបក្សប្រជាជនមានគោលនយោបាយយ៉ាងច្បាស់លាស់គឺរួមសុខរួមទុក្ខជាមួយប្រជាជនពេលប្រជាជនមានទុក្ខមានមុខគណបក្សប្រជាជននៅពេលប្រជាជនបានសុខគឺគណបក្សប្រជាជនសប្បាយរីករាយ៕សរន