ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានចេញអធិបញ្ជាឱ្យលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះ សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមលិខិត របស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចុះថ្ងៃទី២៥ខែតុលាឆ្នាំ២០២២។

អធិបញ្ជារបស់ក្រសួងយុត្តិធម៌បានសង្កត់ថា នៅក្នុងវិដេអូមួយដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ សម រង្ស៉ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថា «មិនមានមនសិកាជាតិ និង ក្បត់ជាតិ»។ សម្តីដែល សម រង្ស៉ី បាននិយាយនៅក្នុងវិដេអូដែលត្រូវបាន និងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ។

សូមបញ្ជាក់ដែរថានៅព្រឹកថ្ងៃទី២៦ខែតុលានេះក្នុងឱកាសអញ្ជើញប្រគល់ស្បៀងជូនប្រជាជនរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ឆ្នាំងសម្ដេចតេជោហ៊ុនសែនបានស្នើឱ្យមេដឹកនាំគណបក្សភ្លើងទៀនចេញមកបញ្ជាក់ ឱ្យបានច្បាស់ ពាក់ព័ន្ធការនិយាយរបស់ សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រនេះថាតើជាការក្បត់ជាតិដែរឬទេ ។សម្តេចបញ្ជាក់ថាការចង់ឱ្យមេដឹកនាំគណបក្សនេះចេញមកបកស្រាយឱ្យច្បាស់ព្រោះគណបក្សនេះបង្កើតឡើង ដោយជនក្បត់ជាតិ សម រង្ស៊ី ។

សម្តេចតេជោបន្តថា រឿងនេះមិនមែនជារឿងធម្មតានិងសាមញ្ញពេកទេ វាជាការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។ ច្បាប់ក៏បានចែងមិនឱ្យប៉ះពាល់ព្រះមហាក្សត្រដែរ ៕
សូមជូនខ្លឹមសារលិខិត៖