​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែន​មួយរូ​បបាន​ទស្សន៍ទា​យ​ថា​«​ការប្រយុទ្ធ​ខ្លាំង​បំផុត​»​នឹង​ចូលមក​ដល់​នៅ​ផ្នែក​នៃ​ខេត្ត​ឃើ​សុន​ដែល​រុស្ស៊ី​កាន់កាប់ និង​បាន​និយាយថា​រដ្ឋាភិបាល​​ទីក្រុង​មូ​ស្គូ​កំពុង​ត្រៀមកម្លាំង​ទប់ទល់​នឹង​ការ​វាយ​រុលចូល​របស់​ទាហាន​អ៊ុ​យក្រែន​។​

​ទីក្រុង​និង​កំពង់ផែ​ទន្លេ​ឃើ​សុន ដែល​កាលពីមុន​សង្គ្រាម​មាន​ប្រជាជន​២៨០.០០០​នាក់ ជា​មជ្ឈមណ្ឌល​ទីប្រជុំជនធំ​បំផុត​ដែល​រុស្ស៊ី​នៅ​កាន់កាប់​ចាប់តាំងពី​ខ្លួន​វាយ​ចាប់​យក​វា​នៅ​ដំណាក់កាល​ដំបូង​នៃ​សង្គ្រា​​ម​ដែល​បាន​ចាប់ផ្តើម​កាលពី​ប្រាំបី​ខែ​មុន​។​

​កងកម្លាំង​អ៊ុយ​ក្រែន​ទំនងជា​មិន​បាន​វាយ​ចាប់យក​ទឹក​ដី​ច្រើន​ថែម​ទៀត​ទេ​ក្នុងការ​វាយបក​របស់​ខ្លួន​នៅឃើ​សុន​ចាប់តាំងពី​ដើម​ខែ​តុលា​ម​ក ​ពេល​រុស្ស៊ី​ប្រកាស​ដាក់​ខេត្ត​នេះ​និង​តំបន់​បី​ទៀត​ជា​ឧ​បស​ម្ព​​ន្ធ​របស់​ខ្លួន​។​

​អូ​ឡេក​ស៊ី អា​រ៉េ​ស្តូវី​ច​(Oleksiy Arestovych)​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុ​យក្រែន បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ថា « ដោយ​ប្រជាជន​ត្រូវបាន​នាំ​ចេញ​អស់ រុស្ស៊ី​កំពុង​បន្ថែម​កម្លាំង​និង​គ្រឿង​បរិ​​ក្ខា​យោធា ពង្រឹងកម្លាំង​នៅ​ទីនោះ​។​មានន័យថា គ្មាន​នរណា​ម្នាក់​ត្រៀមខ្លួន​ដកថយ​ទេ ដូច្នេះ​ការប្រយុទ្ធ​គ្នា​ដ៏​ធំ​នឹង​កើតមាន​នៅឃើ​សុន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​»​។​

​ក្នុង​តំបន់​តំបន់​បួន​ដែល​ប្រធានាធិបតីវ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាស​កាត់​ចូល​ជា​ទឹកដី​រុស្ស៊ី ខេត្ត​ឃើ​សុនសំខាន់​ខាង​យុទ្ធសាស្ត្រ​ជាងគេ​។​វា​គ្រប់គ្រង​ទាំង​ផ្លូវទឹក​និង​ផ្លូវគោក​ទៅកាន់​ឧបទ្វីប​គ្រី​ម៉េ​និងមាត់​​ទន្លេ​ឌ្នី​ប្រូ ។​

​អស់​ពេល​រាប់​សប្តាហ៍​មក​ហើយ ពួក​មន្ត្រី​ក្នុង​រដ្ឋបាល​ឃើ​សុន​គាំទ្រ​ដោយ​រុស្ស៊ី​បានចេញ​ការ​ព្រមាន​ថា​កងកម្លាំង​អ៊ុយ​ក្រែន​ប្រុង​វាយ​ចូល​ទីក្រុង​និង​បាន​ជម្លៀស​ជន​ស៊ីវិល​រាប់ពាន់នាក់​ចេញ​តាម​ទន្លេ​ដ្នី​ប្រូ​។​

​នៅ​តំបន់​មីកូ​ឡេវ​(Mykolaiv)​នៅ​ខាងជើង​និង​ខាងលិច​ទីក្រុង​ឃើ​សុន ការប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង​ធំ​កើតមាន​ពេញ​មួយ​ថ្ងៃ​អង្គារ​។​នៅ​ស្រុក​អ៊ី​ស​ឆេន​កា​(Ishchenka)​ខាងជើង​ក្រុង​ឃើ​សុនកង​​កម្លាំង​អ៊ុយ​ក្រែន​បាន​ព្យាយាម​ពង្រឹង​ទីតាំង​របស់​គេ​តែ​ត្រូវ​បង្ខំ​អោយ​ថយ​ទៅកាន់​ទីតាំង​ពី​មុន​របស់គេវិញ​។​កងកម្លាំង​អ៊ុយ​ក្រែនក៏​ត្រៀម​វាយ​រុលទៅមុ​ខ​នៅ​គ្រប់​ខ្សែ​ត្រៀម​ជួរមុខ​ផងដែរ៕

​រំពឹងថា​នឹង​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​ធំ​ដើម្បី​ដណ្តើម​កាន់កាប់​ទីក្រុង​ឃើ​សុន ក្រោយ​ជន​ស៊ីវិល​ត្រូវ​បាន​ជម្លៀសចេញ​