​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី ចូ បៃ​ដិន បាន​លា​ត់ដៃ​អាវ​ឡើង ហើយ​ទទួល​ការចាក់​វ៉ាក់សាំង​កូវី​ដ​ដូ​ស​ជំរុញ​ដែល​បាន​កែលម្អ​ថ្មី​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​តុលា​ខណៈ​លោក​ជំរុញ​​មនុស្ស​រាប់លាន​នាក់​ដែល​មិន​ទាន់​ចាក់ដូស​ជំរុញ​ឱ្យ​ធ្វើ​តាម​គាត់​នៅមុន​បុណ្យ​ហា​ឡូ​វីន (Halloween) ប្រសិនបើ​អាច​ធ្វើបាន​ដូច្នេះ​ទើប​ពួកគេ​អាច​ប្រមូលផ្តុំ​ដោយ​សុវត្ថិភាព​ជាមួយ​ក្រុម​គ្រួសា​រ​​និង​មិត្តភក្តិ​ក្នុង​ថ្ងៃ​ឈប់សម្រាក​រដូវ​កាល​នេះ​។​

​លោក​បាន​និយាយថា “​នាំ​គ្នា​ចាក់​វ៉ាក់សាំង​” ដោយ​កត់សម្គាល់ថា “​វា​មិន​អស់​លុយ​ទេ​។ មិន​មាន​មនុស្ស​គ្រប់គ្រាន់​ទេ​មក​ទទួល​វា​”​។​

​លោកបៃ​ដិ​ន​ក៏បានអំពាវនាវ​ឱ្យ​សភា​ផ្តល់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដែល​រដ្ឋបាល​បាន​ស្នើសុំ​ដើម្បី​ទិញ​វ៉ាក់សាំង ឧបករណ៍​តេស្តិ៍ និង​ថ្នាំ​ព្យាបាល​បន្ថែម​ផងដែរ​។ ​សមាជិក​សភា​ខ្លះ​បាន​ព្យាយាម​រារាំង​សំណើសុំ​ថវិកា​ជាង ២០ ពាន់​លាន​ដុល្លារ​ក្នុង​មូលនិធិ​មេរោគ​កូរ៉ូណា​ថ្មី​នេះ​។​

​លោកបៃ​ដិន ដែល​អម​ដោយ​ក្រុម​ឆ្លើយតប​នឹង​កូវី​ដ​១៩​របស់គាត់ បានប្រកាសថា​ការប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​មេរោគ​កូរ៉ូ​ណា​មាន​លក្ខណៈ​ជា​សកល ហើយ​”​ការផ្តល់​មូលនិធិ​ដែល​យើង​​ស្វែងរក​គឺមាន​សារៈសំខាន់​” ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​នោះ​។​

​សេត​វិមាន​បាន​និយាយថា មនុស្ស​ជាង ២០ លាន​នាក់ រួម​ទាំង​មនុស្ស​ចាស់​ជិត​ម្នាក់​ក្នុងចំណោម ៥ នាក់ បាន​ទទួល​វ៉ាក់សាំង​កូវី​ដ​១៩​ដូស​ជំរុញ​ដែល​បាន​កែលម្អ​ថ្មី​។​វ៉ាក់សាំង​នេះ​ត្រូវ​បាន​កែ​រូបមន្ត​​ដើម្បី​កំណត់​គោលដៅ​លើ​ប្រភេទ​មេរោគ​បំប្លែង​របស់​អូ​មី​ក្រុង​ឈ្មោះ BA.4 និង BA.5 ដែល​ជា​ប្រភេទ​មេរោគ​លេចធ្លោ​ជាង​គេ​នៅ​សហរដ្ឋ​អាម៉េរិក​។​

​លោកបៃ​ដិនបាន​និយាយថា មនុស្ស​ច្រើន​ឡើង​ត្រូវការ​ទទួល​ថ្នាំ​បង្ការ ខណៈ​រដូវរងា​ខិត​ជិត​មក​ដល់ ហើយ​ពួកគេ​នឹង​ចំណាយ​ពេល​ច្រើន​នៅក្នុង​ផ្ទះ និង​អាច​ចម្លងជំងឺ​ដល់​អ្នកដទៃ​។ លោក​បាន​បន្ថែមថា វ៉ាក់សាំង​អាច​រកបាន​ដោយ​មិន​គិតថ្លៃ​ក្នុង​ចម្ងាយ ៨ គីឡូម៉ែត្រ​ពី​កន្លែង​ដែល​មនុស្ស​ភាគច្រើន​រស់​នៅ​៕

​លោកបៃ​ដិន​ចាក់ដូស​ជំរុញ​កាលពី​ថ្ងៃ​អង្គារ និង​អំពាវនាវ​អោយ​ពលរដ្ឋ​អាម៉េរិក​ធ្វើតាម​លោក​