ដោយៈតារារិទ្ធ/កំពង់ឆ្នាំង៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាបានអំពាវ​នាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួមទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានិងគណបក្សដទៃទៀតត្រៀមខ្លួនចូលរួមការពាររបបរាជានិយមការពាររាជបល្ល័ង្កការពារព្រះមហាក្សត្រហើយប្រឆាំងនឹងទណ្ឌិតសម រង្ស៊ី ដែល ចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងប្រមាថព្រះចេស្ដាព្រះមហាក្សត្រ។សម្ដេចតេជោ ហ៊ុន សែនបានអំពាវនាវបែបនេះក្នុងពិធីចែកស្រូវពូជដល់កសិករជាងបីពាន់នាក់នៅខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី ២៦ ខែតុលានេះ ។

សម្ដេចតេជោហ៊ុនសែនបានថ្លែងថា”ខ្ញុំអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធទាំងអស់ប្រុងប្រៀបជាមួយនឹងសភាពការ ណ៍ទាំងឡាយដែលអាចកើតមានហើយអំពាវនាវឱ្យអ្នកគាំទ្រគណបក្សប្រជាជននិងគណបក្សដទៃដែលប្រឆាំង នឹងបុគ្គលរូបនេះត្រៀមខ្លួនដើម្បីចូលរួមសកម្មភាពការពាររបបរាជានិយមការពាររាជបល្ល័ង្កការពារព្រះមហាក្សត្ររបស់យើង “។

ទាក់ទងនឹងរឿងនេះដែរលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានចេញអធិបញ្ជាឱ្យលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះ សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមលិខិត របស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចុះថ្ងៃទី២៥ខែតុលាឆ្នាំ២០២២។

អធិបញ្ជារបស់ក្រសួងយុត្តិធម៌បានសង្កត់ថា នៅក្នុងវិដេអូមួយដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ សម រង្ស៉ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថា «មិនមានមនសិកាជាតិ និង ក្បត់ជាតិ»។ សម្តីដែល សម រង្ស៉ី បាននិយាយនៅក្នុងវិដេអូដែលត្រូវបាន និងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ។

សូមបញ្ជាក់ដែរថានៅព្រឹកថ្ងៃទី២៦ខែតុលានេះក្នុងឱកាសអញ្ជើញប្រគល់ស្បៀងជូនប្រជាជនរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ឆ្នាំងសម្ដេចតេជោហ៊ុនសែនបានស្នើឱ្យមេដឹកនាំគណបក្សភ្លើងទៀនចេញមកបញ្ជាក់ ឱ្យបានច្បាស់ ពាក់ព័ន្ធការនិយាយរបស់ សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រនេះថាតើជាការក្បត់ជាតិដែរឬទេ ។សម្តេចបញ្ជាក់ថាការចង់ឱ្យមេដឹកនាំគណបក្សនេះចេញមកបកស្រាយឱ្យច្បាស់ព្រោះគណបក្សនេះបង្កើតឡើង ដោយជនក្បត់ជាតិ សម រង្ស៊ី ។

សម្តេចតេជោបន្តថា រឿងនេះមិនមែនជារឿងធម្មតានិងសាមញ្ញពេកទេ វាជាការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។ ច្បាប់ក៏បានចែងមិនឱ្យប៉ះពាល់ព្រះមហាក្សត្រដែរ ៕សរន