​ប្រែ​សម្រួលៈ​បំណង​(​ប៊ី​ប៊ីស៊ី​)៖ បុរស​ដែល​សារព័ត៌មាន​អោយ​រហស្សនាម​ថា​«​បុរស​គគ្រិច​បំផុត​លើ​លោក​»​បាន​ស្លាប់​នៅ​អាយុ​៩៤​ឆ្នាំ នៅ​ពេល​តែ​ប៉ុន្មាន​ខែ​ក្រោយ​លោក​ងូតទឹក​លាងខ្លួន​ជា​លើកដំបូង​នៅ​​រាប់​ទសវត្សរ៍​មក​នេះ​។​

​លោកតា អា​ម៉ូ ហា​ជី​(Amou Haji)​បាន​បដិសេធ​មិន​ងូតទឹក​លាងខ្លួន​អស់​ជាង​កន្លះ​សតវត្សរ៍ ដោយសារ​ខ្លាច​ងូតទឹក​ទៅ​ឈឺ​។​

​អា​ម៉ូ ហា​ជី អង្គុយ​នៅ​មុខ​កូន​ផ្ទះ​ដែល​អ្នក​ភូមិ​សង់​អោយ​គាត់​នៅ​ជាយ​ភូមិ ដេ​ច​ហ្កះ​ក្នុង​ខេត្ត​ហ្វាស​របស់​អ៊ីរ៉ង់ កាលពី​ឆ្នាំ​២០១៨​។​បុរស​នេះ​គ្មាន​គ្រួសារ​ហើយ​អ្នកភូមិ​ព្យាយាម​មើលថែ​គាត់​

​បុរស​អ៊ីរ៉ង់​ដែល​រស់​នៅក្នុង​ខេត្ត​ហ្វាស​(Fars)​បាន​ព្យាយាម​គេច​ពី​តាម​តាម​ចាប់​របស់​អ្នកភូមិ​ដើម្បី​អោយ​គាត់​ងូតទឹក​សម្អាតខ្លួន​។​តែ​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយថា អា​ម៉ូ ហា​ជី នៅ​ទីបំផុត​បាន​​យល់​ស្រប​តាម​ការបង្ខំ​លួងលោម​និង​បាន​ងូតទឹក​ជម្រះ​ខ្លួន​កាលពី​ពីរ​បី​ខែ​មុន​។​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់​IRNA លោកតា អា​ម៉ូ ហា​ជី បាន​ឈឺ​ក្រោយ​ងូតទឹក​និង​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​នៅ​ឆ្នាំ​២០១៤ លោកតា​បាន​បង្ហាញ​អោយដឹងថា អាហារ​ជា​ចំណង់​ចំណូលចិត្ត​របស់​គាត់​គឺ​សាច់​កាំប្រមា​និង​ថា​គាត់​រស់នៅ​ក្នុង​រន្ធ​ក្រោម​ដី​និង​កូន​ផ្ទះថ្ម​តូច​មួយ​ដែល​អ្នកស្រុក​សង់​​អោយ​នៅ​ភូមិ​ដេ​ច​ហ្កះ​(Dejgah)​។​

​ការ​មិន​ងូតទឹក​រាប់​ឆ្នាំ​នាំអោយ​ស្បែក​ឡើងរ​មាស់​និង​ខ្ទុះ​ហើយ​អាហារ​របស់គាត់​ច្រើនតែ​ជា​អាហារ​ស្អុយ​និង​ផឹកទឹក​គ្មាន​អនាម័យ​។​ការប៉ុនប៉ង​ងូតទឹក​អោយ​គាត់ ផ្តល់​អាហារ​មាន​អនាម័យ​និង​ទឹក​ស្អាត​​បែរ​ជា​នាំអោយ​គាត់​ឈឺ​ទៅវិញ​៕