​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ តុលាការ​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​តុលា​បាន​ច្រាន​ចោល​បណ្តឹងឧទ្ធរណ៍រ​បស់​តារា​បាល់បោះ​អាម៉េរិក នាង ប្រ៊ីត​នី ហ្គ្រី​ណឺ (Brittney Griner)​ចំពោះ​​ការកាត់ទោស​នាង​ជាប់​ពន្ធនាគារ​ប្រាំបួន​ឆ្នាំ​ពី​បទ​កាន់កាប់​គ្រឿងញៀន ដែល​ជា​ជំហាន​មួយ​អាច​នឹង​រុញ​នាង​ខិត​ទៅជិត​ការដោះដូរ​អ្នកទោស​រវាង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​វ៉ាស៊ីនតោន​។​

​តារា​បាល់បោះ​ឆ្នើម​៨​ជំនាន់​ជាមួយ​ក្លិប Phoenix Mercury​របស់​ក្របខណ្ឌ WNBA និង​ជា​ម្ចាស់​មេដាយមាស​អូឡាំពិក​ពីរ​សម័យ​រូបនេះ ត្រូវបាន​កាត់ទោស​កាល​ពី​ថ្ងៃទី ៤ ខែសីហា​បន្ទាប់​​ពី​ប៉ូលិស​បាន​និយាយថា ពួកគេ​បាន​រកឃើញ​បំពង់​ជក់ ដែល​មាន​ផ្ទុក​ប្រេង​កញ្ឆា​នៅក្នុង​វ៉ាលិស​របស់​នាង​នៅឯ​អាកាសយានដ្ឋាន​សេ​រ៉េ​ម៉េត​យ៉េវ៉ូ (Sheremetyevo) ក្នុង​ទីក្រុង​មូ​ស្គូ​។​

​នាង​ហ្គ្រី​ណឺ​អាយុ ៣២ ឆ្នាំ​មិន​បាន​បង្ហាញខ្លួន​នៅក្នុង​សវនាការ​របស់​តុលាការ​តំបន់​ទីក្រុង​មូ​ស្គូ​ទេ ប៉ុន្តែ​បាន​បង្ហាញ​ខ្លួន​តាមរយៈ​តំណ​ភ្ជាប់​វីដេអូ​ពី​ពន្ធនាគារ​ព្រហ្មទណ្ឌ​នៅ​ខាងក្រៅ​រដ្ឋធានី​កន្លែង​ដែល​​នាង​ត្រូវបាន​ឃុំខ្លួន​។​

​នៅឯ​សវនាការ នាង​ហ្គ្រី​ណឺ​បាន​សារភាព​ថា​មាន​បំពង់​ជក់​នៅក្នុង​វ៉ាលិស​របស់​នាង​មែន ប៉ុន្តែ​បាន​ផ្តល់​សក្ខីកម្ម​ថា​នាង​បាន​ខ្ចប់​វា​ដោយ​អ​ចេតនា​ដោយសារ​ប្រញាប់​ឡើង​យន្តហោះ​ហើយ​មិន​មាន​ចេតនា​​ប្រព្រឹត្ត​បទល្មើស​ទេ​។ ក្រុម​មេធាវី​ការពារ​ក្តី​របស់​នាង​បានបង្ហាញ​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ​ដោយ​និយាយថា​នាង​ត្រូវបាន​ចេញ​វេជ្ជបញ្ជា​ឱ្យប្រើ​កញ្ឆា​ដើម្បី​ព្យាបាល​ការឈឺចាប់​រ៉ាំរ៉ៃ​។​

​ការកាត់ទោស​ជាប់គុក​ប្រាំបួន​ឆ្នាំ​គឺ​មាន​រយៈពេល​កៀក ១០ ឆ្នាំ ហើយ​មេធាវី​របស់​នាង​ហ្គ្រី​ណឺ​បាន​ប្រកែក​តវ៉ា​ចំពោះ​ការកាត់ទោស​នេះ​ថា​ហួសប្រមាណ​ពេក​ហើយ​។ ពួកគេ​បាន​និយាយថា​នៅក្នុង​ករណី​​ស្រដៀង​គ្នា​នេះ ចុងចោទ​បានទទួល​ការកាត់ទោស​ជាប់គុក​ជា​មធ្យម​ប្រហែល​ប្រាំ​ឆ្នាំ ដោយ​ប្រហែល​មួយ​ភាគ​បី​នៃ​ពួក​គេ​បានទទួល​ការលើកលែងទោស​។​

​ខណៈ​រក្សាទុក​ការកាត់ទោស​នេះ តុលាការ​បាន​និយាយថា រយៈពេល​ជាប់​ពន្ធនាគារ​របស់​នា​ង​ហ្គ្រី​ណឺ​នឹង​ត្រូវ​គណនា​ឡើងវិ​ញ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​អ្វី​ដែល​នាង​បាន​បម្រើ​រួចហើយ​នៅក្នុង​ការឃុំ​ខ្លួន​បណ្តោះ​​អាសន្ន​។ មួយថ្ងៃ​នៅក្នុង​ការឃុំខ្លួន​បណ្តោះអាសន្ន​គឺ​ស្មើ​ការ​ជាប់​ក្នុង​ពន្ធនាគារ ១​ថ្ងៃ​កន្លះ ដូច្នេះ​នាង​នៅ​តែ​ត្រូវ​ជាប់គុក​ប្រហែល​ប្រាំបី​ឆ្នាំ​ទៀត​៕

​នាង​ហ្គ្រី​ណឺ​ចាញ់​បណ្តឹងឧទ្ធរណ៍​ចំពោះ​ការកាត់ទោស​នាង​ជាប់គុក​៩​ឆ្នាំ​