ភ្នំពេញៈ លោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី២៦ ខែតុលានេះថា ករណីឈ្មោះ សម រង្ស៊ី ប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ នៃព្រះរាជាជាណាចក្រកម្ពុជាជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ មាត្រា ៤៣៧ (ស្ទួន)តំណាងអយ្យការបានបញ្ជាទៅមន្រ្តីនគរបាលយុត្តិធម៌ស្រាវជ្រាវស៊ើបអង្កេតនិងប្រមូលភស្តុតាងលើករណីនេះរួចរាល់ហើយ។

ការបញ្ជាទៅមន្រ្តីនគរបាលយុត្តិធម៌ស្រាវជ្រាវស៊ើបអង្កេត និងប្រមូលភស្តុតាងលើករណីទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានចេញអធិបញ្ជាឱ្យលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឺងបំផុតលើទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ នៃព្រះរាជាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ព្រះមហាក្សត្រដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។


ក្នុងលិខិតអធិបញ្ជាចុះថ្ងៃទី២៥ខែតុលាម្សិលមិញ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជម្រាបជូនឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញថា នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ ឈ្មោះ សម រង្ស៊ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរ បំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ថា “មិនមានមនសិការជាតិ” និង “ក្បត់ជាតិ”។ សម្ដីដែលឈ្មោះ សម រង្ស៊ី បាន និយាយនៅក្នុងវីដេអូដែលត្រូវបាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្ដាញសង្គមនេះ គឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ទូទាំងប្រទេស។ ទង្វើនេះ គឺជាការរំលោភបំពានម៉ាត្រា ៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់ កំពូលរបស់ជាតិ ដែលចែងថា “អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ” ហើយអំពើនេះ ក៏ត្រូវ បានកំណត់ជាបទ “ប្រមាថចំពោះអង្គព្រះមហាក្សត្រ”បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម បញ្ញត្តិនៃមាត្រា៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមមាត្រា២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌សូម ឯកឧត្ដមព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះអំពើប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះ អង្គព្រះមហាក្សត្រ ខាងលើ ដោយអនុវត្តស្របតាមនីតិវីធីជាធរមាន៕ ប្រភព AMS