ដោយៈ តារារិទ្ធ / កំពង់ឆ្នាំងៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាឲ្យលោក ជា សុផារ៉ា ធ្វើការងារជាមួយអាជ្ញាធរខេត្ត បញ្ចប់កិច្វការកាត់ ឆ្វៀលដី តំបន់បី ទៅឲ្យប្រជាពលរដ្ឋ ឲ្យបានចប់ នៅមុនខែមេសា ឆ្នាំ២០២៣​។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារបែបនេះ ទៅកាន់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញ បឹងទន្លេសាប នាព្រឹកថ្ងៃទី២៦ ខែតុលា ឲ្យបានដឹងអំពីក្របខណ្ឌ នៃគោលនយោបាយរបស់ រាជរដ្ឋាភិបាល​ទាក់ទងនឹងទន្លេសាប ។ សម្តេចតេជោ បានបញ្ជាក់ថាៈ ” ម្ខាង យើងត្រូវតែរក្សា ទន្លេសាបឱ្យបាន តែម្ខាងទៀត យើងត្រូវគិតដល់ប្រជាជន ដែលរស់នៅក្នុងតំបន់នោះ ជាយូរលង់មកហើយ “។

សម្ដេចតេជោ បានបន្តថាៈ នៅក្នុងដំណើរជុំវិញខេត្តបឹងទន្លេនេះ សម្តេចបានជួបសំណេះ សំណាល ជាមួយនឹងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំខេត្ត គ្រប់ខេត្តទាំងអស់។ សម្តេចបានដាក់បញ្ជាឲ្យយកចិត្តទុកដាក់ មើលប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទន្លេសាប…។ សម្តេចបានមានប្រសាសន៍ថាៈ ព្រោះប្រជាពលរដ្ឋខ្លះ រស់នៅក្នុងតំបន់ទន្លេសាបយើងនេះ មិនមែនមួយជំនាន់ទេ គឺរាប់ជំនាន់មកហើយ។ រាប់រយឆ្នាំមកហើយ តាំងតែពីយើង មិនទាន់កើត។ តពីជីដូនជីតា ជីលួតជីទួត តកូនតចៅរហូតមក ។ អីចឹងទេ ទោះបីស្ថិតនៅក្នុង តំបន់ពីរ​ តំបន់បី យើងអាចសម្រួលឱ្យប្រជាពលរដ្ឋ របស់យើង រស់នៅកន្លែងហ្នឹង ដោយកន្លែងខ្លះ ទៅសម្រួលកាត់ចេញពីតំបន់ពីរ មកតំបន់បី និងតំបន់បី មកឲ្យប្រជាពលរដ្ឋ អាចបង្កបង្កើតផលបាន។

សម្តេចបានបន្តថាៈ សម្តេចបានធ្វើការណែនាំ រឿងនេះរួចហើយ ហើយសូមឱ្យលោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ធ្វើកិច្ច ការងារនេះ ជាមួយនឹងបណ្ដាខេត្ត និងអាជ្ញាធរដែនដី ធ្វើម៉េចធ្វើឱ្យហើយ សម្រាប់ខ្ញុំ មុនចូលឆ្នាំខ្មែរ។

សម្ដេចបានថ្លែងថាៈ នេះជាសារមួយផ្ញើជូន ទៅខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់ , ខេត្តកំពង់ឆ្នាំង ខ្លួនឯងតែម្ដង ដែលនេះ ជាវិធីដោះស្រាយមួយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាៈ សម្តេចមានកំហុស ដោយសារចុះហត្ថលេខា លើអនុក្រឹត្យ នៅឆ្នាំ២០១២ ដោយមិនបានយកចិត្តទុកដាក់ រៀបចំតំបន់បី តំបន់ពីរ និង តំបន់មួយ។ ឥឡូវ យើងបានរកឃើញវិធីសាស្រ្ត ដើម្បីឲ្យប្រជាពលរដ្ឋ អាចរស់នៅបានផង និងយើងថែទាំបឹងទន្លេសាប របស់យើង ឱ្យបានផង។ អីចឹងតំបន់ដែលប្រជាជន ធ្លាប់រស់នៅ ឲ្យគាត់រស់នៅតទៅទៀតទៅ កុំរុះរើគាត់។ ព្រោះកន្លែងនោះ សម្តេចនៅចាំបានថា កន្លែងខ្លះ សម្តេចបានទៅធ្វើសាលាឱ្យទៀតផង។ កន្លែងខ្លះ មានសាលាធ្វើឲ្យផុតពីទឹក ខ្លះធ្វើសាលា បណ្ដែតទឹកឱ្យគាត់ អីចឹងយកពួកគាត់ទៅណា។
សម្តេចតេជោ បានបន្តថាៈ ភាពមិនច្បាស់នេះ ធ្វើឲ្យប្រជាពលរដ្ឋរបស់យើង មានការគិតថា រស់នៅដោយមិនប្រាកដ ប្រជាថាកន្លែងណាទៀត ។ សម្តេចបានបន្តថាៈ ថ្ងៃនេះ សម្តេច បញ្ជូនសារជាក់លាក់ ជូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹងទន្លេសាប។

សម្តេចបានបញ្ជាក់ថាៈ សម្តេច គ្រាន់តែសុំត្រឡប់មកវិញ នៅដីដែលទន្ទ្រាន ដោយអ្នកមាន អំណាច ឬ អ្នកខិលខូចទាំងឡាយ ដែលមិនមែនជាភូមិករចាស់តែប៉ុណ្ណោះ ដែលយើងត្រូវ ដាំកូនឈើឡើងវិញ ដើម្បីឲ្យទៅជាព្រៃលិចទឹក សម្រាប់បឹងទន្លេសាប ។ សម្តេចក៏បាន អំពាវនាវចំពោះ ប្រជាពលរដ្ឋ សូមកុំកាប់ព្រៃលិចទឹកបន្តទៀត។

សម្តេចតេជោ ក៏បានដាក់ចេញបទបញ្ជាថា បើប្រជាជនរស់នៅក្នុងតំបន់បី យើងអាចឆ្វៀល ឱ្យគាត់ ទំហំដែលគាត់កំពុងធ្វើមាន ។ ឧទាហរណ៍ ១.០០០ ហិកតា យើងត្រូវផ្ដល់ឱ្យ ដើម្បីឲ្យគាត់ទទួលផលលើផ្ទៃដី ១.០០០ ហិកតានោះ ។ ប៉ុន្តែខ្ញុំផ្ដល់អនុស្សាសន៍បន្ថែម កាត់ ១០ ភាគរយបន្ថែមទៀត បានន័យថា ១.០០០ ហិកតា ថែម ១០ ភាគរយ វាឡើងដល់ ១.១០០ ហិកតា ហ្នឹងសម្រាប់ប្រជាជន ទទួលផលពី ១០០ ហិកតា ថែមទៀត សម្រាប់បង្កបង្កើនផល ឬក៏តំបន់នោះ ជាតំបន់ដែលអាចរកត្រីបាន ក៏រកត្រី។

អីចឹងទេ​ ធ្វើយ៉ាងនេះ វាគឺជាការដោះស្រាយ រយៈពេលវែង ដាក់ចេញជាក្របខណ្ឌ នៃគោលនយោបាយ ទាក់ទងទន្លេសាប ។ ម្ខាងយើងត្រូវតែរក្សាទន្លេសាបឱ្យបាន តែម្ខាងទៀត យើងត្រូវគិតដល់ប្រជាជន ដែលរស់នៅក្នុងតំបន់នោះយូរហើយ រាប់រយឆ្នាំ។

សម្តេចបានបន្តថាៈ សម្ដេចធ្លាប់ធ្វើដំណើរតាមទឹក តាំងពីឆ្នាំ១៩៨៦។ តែម្សិលមិញ មេឃុំមួយ បានហៅខ្ញុំថា ជាអ្នកប្រាជ្ញពិភពលោក ។ ពេលនោះ ខ្ញុំទើបតែមានអាយុ ៣៤ ឆ្នាំទេ។ កាលនោះ ធ្វើនាយករដ្ឋមន្ត្រី នៅអាយុ ៣២ ឆ្នាំ។ ហើយឥឡូវនេះ ចូលដល់ ៧០ ឆ្នាំ ហើយ ធ្វើនាយករដ្ឋមន្ត្រី យូរជាងគេ នៅលើពិភពលោកនេះ៕/V-PC