​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​មាន់​ខ្នាយ​មាស Tottenham នឹង​កក់​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ Uefa Champions League ដោយ​ស្វ័យប្រវត្តិ​ប្រសិន​បើ​ពួកគេ​អាច​បំបាក់​​ក្រុម Sporting របស់​ព័រ​ទុយ​ហ្គាល់​នៅ​យប់​ថ្ងៃ​ពុធ​នេះ​។ ដោយឡែក Barcelona ដែល​មាន​សង្ឃឹម​ស្តួចស្តើង​បំផុត​ក្នុង​ការ​ឆ្លងទៅ​វគ្គ​បន្ទាប់​នោះ ត្រូវមាន​ភារកិច្ច​លំបាក​ក្នុងការ​ផ្តួល Bayern Munich មុន​នឹង​ហ៊ាន​សុបិន​ចង់​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល ដែលមាន Inter ជា​ឆ្អឹង​ទទឹង​ក​។

​ការព្យាករណ៍ ៖

– Tottenham vs Sporting

* Sporting CP បាន​បំបាក់ Spurs ២-០ យ៉ាង​ភ្ញាក់ផ្អើល​ក្នុងជំនួប​ជើង​ទី​១​។
* ក្រុម​ទាំង​ពីរ​ធ្លាប់​លេង​មិត្តភាព​នៅ​ខែ​កក្កដា ឆ្នាំ​២០១០ ដោយ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២​។​

​ក្រុម Sporting CP បាន​បើក​យុទ្ធនាការ​ក្នុង​ពូ​ល D យ៉ាង​ល្អ​អស្ចារ្យ​ជាមួយនឹង​ជ័យជម្នះ​ពីរ​លើ​ក​ជាប់ៗ​គ្នា​។ ទោះយ៉ាងណា ការ​ចាញ់​ពីរ​លើ​ក​ជាប់​គ្នា​ទល់នឹង Marseille បានធ្វើឱ្យ​ស្ថានការណ៍​របស់​ពួកគេ​មាន​ភាពស្មុគស្មាញ​យ៉ាងខ្លាំង​នៅមុន​ការប្រកួត​ចុង​ក្រោយ​ពីរ​លើក​ទល់នឹង Tottenham និង Eintracht Frankfurt ។​

​ក្រុម​ព័រ​ទុយ​ហ្គាល់​មួយ​នេះ​បាន​ធ្លាក់​ទៅ​លេខ​បី​ក្នុង​ពូ​ល​បន្ទាប់​ពី​ចាញ់ Marseille ទាំង​ពីរ​ជើង​។​

​ដោយឡែក Tottenham ឈរ​នៅលើ​កំពូល​តារាង​ក្នុង​ពូ​ល ដោយសារ​ការទទួល​ជ័យជម្នះ ៣-២ លើ​ក្រុម Eintracht Frankfurt ក្នុង​ជុំ​មុន​។​

​ម្ចាស់ផ្ទះ​អាច​ធានា​បាន​កៅអី​ទៅ​វគ្គ​បន្ត​ជាមួយ​នឹង​ជ័យជម្នះ​នៅទីនេះ​។ ប៉ុន្តែ​បើ​បរាជ័យ ពួកគេ​នឹង​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​លេខ​៣​យ៉ាង​ងាយ​។​

Spurs នឹងមិន​ចូលមក​ក្នុង​ការប្រកួត​នេះ​ទាំង​ស្មារតី​ខ្ពស់​បំផុត​នោះ​ទេ បន្ទាប់​ពី​ចាញ់​ពីរ​លើ​ក​ជាប់​គ្នា​ក្នុង Premier League​។​

​កូនក្រុម​របស់លោក Antonio Conte មិនសូវ​លេង​សម្រុក​នោះទេ ក្នុងការ​ចាញ់ Manchester United និង Newcastle ជាប់ៗ​គ្នា ដោយ​ស៊ុត​បញ្ចូល​ទី​បានតែ​១​គ្រាប់​គត់​ក្នុង​ជំនួប​ទាំងនេះ​។​

​សូម្បី​តែ​គ្រាប់​បាល់​តែមួយ​នេះ​ក៏​ទទួលបាន​ពី​បាល់​ជ្រុង​ដែរ​។ Sporting CP មិនមែន​ជា​ក្រុម​ងាយ​ផ្តួល​នោះទេ ហើយ​វា​ពិតជា​រំភើប​ណាស់​ក្នុង​ការ​មើលថា​តើ​ក្រុម​ព័រ​ទុយ​ហ្គាល់​មួយ​នេះ​អាច​ទាញ​ប្រយោជន៍​ពី​ទម្រង់​លេង​អន់​ពី​គូ​ប្រជែង​របស់​ពួកគេ​នៅទីនេះ​បាន​ដែរ​ឬ​អត់​។​

Sporting បាន​យក​ឈ្នះ Casa Pia ៣-១ ក្នុង​ការប្រកួត​លី​ក​ក្នុងស្រុក​ដ៏​សំខាន់​កាលពី​ចុង​សប្តាហ៍ ប៉ុន្តែ​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​គឺ​ថា ពួកគេ​នឹង​គ្មាន​កីឡាករ​ល្អ​បំផុត​របស់​ពួកគេ​នៅ​ថ្ងៃនេះ​ទេ គឺ Pedro Goncalves​។ ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​ត្រូវបាន​បណ្តេញចេញ​ក្នុងការ​ចាញ់​ម្ចាស់ផ្ទះ Marseille កាល​ពី​ជុំ​មុន​។​

​ដោយហេតុ​ថា Spurs ត្រូវការ​សងសឹក និង ត្រូវ​ការស្តារ​ទម្រង់​លេង​ឡើងវិញ ហើយ​គាប់​ជួន Sporting កំពុង​បាក់ស្បាត​ក្នុង UCL យើង​រំពឹង Tottenham ឈ្នះ​ក្នុង​លទ្ធផល​ព្យាករណ៍ ៤-១​។​

– Barcelona vs Bayern Munich

* Bayern Munich មានប្រៀប​ខ្លាំង​លើ Barcelona ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​។​
* Bayern Munich ឈ្នះ ៨ ស្មើ ១ និង​ចាញ់​តែ ៣ ប៉ុណ្ណោះ​ក្នុងចំណោម​ជំនួប ១២ លើក​ទល់នឹង Barcelona ។​
* Bayern Munich នឹង​ចូលមក​ក្នុង​ការប្រកួត​នេះ​ក្រោយ​ទទួល​ជ័យជម្នះ​៥​លើ​ក​ជាប់ៗ​គ្នា​លើ Barcelona​។​

Barcelona បាន​ចាញ់​ប្រៀប Inter Milan ក្នុងជំនួប​ទាំងពីរ​ជើង ហើយ​ឥឡូវនេះ​មាន​ភ្នំ​ខ្ពស់​ត្រូវ​ឡើង​ទៅ​ឆ្លង​វគ្គ​បន្ត​នៃ UEFA Champions League ។​

​ក្រុម​អ្នក​មាន​បុណ្យ​មានតែ​៤​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​បើកឆាក​ទាំង​៤​លើក​ក្នុង​ពូ​ល C ហើយ​ត្រូវការ​អព្ភូតហេតុ​ដើម្បី​ចៀសវាង​ការធ្លាក់​។​

​កូនក្រុម​របស់លោក Xavi នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Bayern Munich ក្នុង​ការប្រកួត​ជុំ​ទី ៥ នៅ​យប់​ថ្ងៃ​ពុធ​នេះ​។ ក្រុម Bayern Munich ស្ថិត​ក្នុង​ទីតាំង​ល្អ​ជាង ដោយមាន ៥ ពិន្ទុ​ដាច់​នៅលើ​កំពូល​តារាង ជាមួយនឹង​កំណត់ត្រា​ឈ្នះ ៤ ដង​ក្នុង​ការប្រកួត ៤ លើក​មក​នេះ​។​

​កងទ័ព​របស់​លោក Julian Nagelsmann មាន​ពិន្ទុ​គ្រាប់​បាល់​សរុប​រហូតដល់​ទៅ ១៣-២ ក្នុង​ពូ​ល C ។ ពួកគេ​បាន​របូត​២​គ្រាប់​ពេល​លេង​ទល់នឹង Viktoria Plzen ក្នុង​ជុំ​មុន​។​

​ចំណែក​ក្រុម Barcelona វិញ ត្រូវ​បន់​ឱ្យ Viktoria Plzen កុំ​ចាញ់ Inter Milan ប្រសិនបើ​ពួក​គេ​ចង់​មានជីវិត​បន្តទៅ​វគ្គ​បន្ទាប់​។​

Barcelona នឹង​ចូលមក​ក្នុង​ការប្រកួត​នេះ​ទាំង​ស្មារតី​ខ្ពស់ បន្ទាប់ពី​យក​ឈ្នះ Athletic Bilbao ៤-០ កាលពី​យប់​ថ្ងៃអាទិត្យ​។ Ousmane Dembele ពិតជា​អស្ចារ្យ​ណាស់ ដោយ​ស៊ុត​ចូល​១​គ្រាប់ និង​បញ្ជូន​ឱ្យ​គេ​ស៊ុត ៣ គ្រាប់​ក្នុងឱកាស​នោះ​។​

​ចំណែក​ក្រុម Bayern Munich វិញ បាន​បំបាក់​ក្រុម Hoffenheim ០-២ នៅ​ក្រៅ​ទឹកដី​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​កាត់បន្ថយ​គម្លាត​ពី​ក្រុម​នាំមុខ Union Berlin មក​ត្រឹម​១​ពិន្ទុ​ក្នុង​តារាង​ចំណាត់ថ្នាក់ Bundesliga ។​

​ត្បិត Bayern មាន​ប្រវត្តិ​ល្អ​ខ្លាំង​ទល់នឹង Barcleona ក៏ពិតមែន ប៉ុន្តែ​ពួកគេ​នឹង​ពុំ​មាន​ខ្សែប្រយុទ្ធ​មុត​ស្រួច​ទាំងពីរ Sadio Mane និង Leroy Sane នៅ​ថ្ងៃនេះ​ទេ​។ នេះ​នឹង​ក្លាយ​ជា​កម្លាំងចិត្ត​ដល់​ក្រុម​អ្នក​មាន​បុណ្យ ដែល​កំពុង​ត្រូវការ​ពិន្ទុ​ជា​ចាំបាច់​។

​លទ្ធផល​ព្យាករណ៍ Barcelona ឈ្នះ ២-១៕

Barcelona ត្រូវ​តែ​ឈ្នះ​ដាច់ខាត​ដើម្បី​មានសង្ឃឹម​ឡើង​វគ្គ​បន្ទាប់