ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ឧត្តមសេនីយ៍ ២ រូប ក្នុងនេះ មាននាយកមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន និងប្រធាននាយកដ្ឋានកណ្ដាល សណ្ដាប់ធ្នាប់ ត្រូវបានប្រកាសឱ្យចូល កាន់តំណែង ដោយមានការចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

រូបថត ( នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ )

ពិធីប្រកាសចូលកាន់តំណែងនេះ បានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ នាអគ្គស្នងការដ្ឋាននគរបាលជាតិ។

គួរបញ្ជាក់ថា ​ការប្រកាសឱ្យចូលកាន់តំណែង របស់មន្រ្តីជាន់ខ្ពស់ នៃនគរបាលជាតិនេះ បានធ្វើឡើង បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងនាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ រួមមានៈ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ជានាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជំនួសលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ដែលចូលនិវត្តន៍។ លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ទៅជាប្រធាននាយកដ្ឋាន កណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

មានប្រសាសន៍ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងនូវការអបអរសាទរ ចំពោះនាយនគរបាល ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំង មុខតំណែង តាមសំណើរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យតែងតាំង លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ជានាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជំនួស លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ដែលចូលនិវត្តន៍។

នាពេលថ្មីៗនេះដែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឱ្យចូលនិវត្តន៍ នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន ១១​ រូប ដោយក្នុងនោះ មានថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន ពីររូប , ថ្នាក់ឧត្តមសេនីយ៍ទោ ចំនួនប្រាំមួយរូប និងថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួនបីរូប។

ចំពោះនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន ១១រូប ដែលដាក់ឱ្យចូលនិវត្តន៍ មានដូចជាៈ ១. ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ , ២. ឧត្តមសេនីយ៍ឯក នូ សុគន្ធា, ៣. ឧត្តមសេនីយ៍ទោ អ៊ូ សុផល , ៤. ឧត្តមសេនីយ៍ទោ ញឹម សារិទ្ធ​ , ៥. ឧត្តមសេនីយ៍ទោ ចេង គារី , ៦. ឧត្តមសេនីយ៍ទោ ស្រេង វិន , ៧. ឧត្តមសេនីយ៍ទោ នៃ តារាញិល , ៨. ឧត្តមសេនីយ៍ទោ ឯម កុសល , ៩. ឧត្តមសេនីយ៍ត្រី គង់ ណាត ,
១០. ឧត្តមសេនីយ៍ត្រី ញ៉ែម សូភី និង ១១. ឧត្តមសេនីយ៍ត្រី សួង សំអឿន៕​ V / N