ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​តុលា​ថា រុស្ស៊ី​បាន​ប្រាប់​សហរដ្ឋ​អាម៉េរិក​ជា​ផ្លូវការ​ថា​ខ្លួន​ហៀបនឹង​ចាប់ផ្តើម​សមយុទ្ធ​ជាមួយ​កងកម្លាំង​នុយក្លេអ៊ែរ​​របស់​ខ្លួន​ហើយ នៅ​គ្រា​ដែល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ជុំវិញ​បញ្ហា​អ៊ុ​យក្រែន ចំ​ពេល​មាន​ការអះអាង​ទៅវិញ​ទៅមក​ថា ភាគី​ម្ខាង​ឬ​ដទៃ​ទៀត​គ្រោង​នឹង​ប្រើប្រាស់​គ្រាប់បែក​កខ្វក់​។​

​ដើម្បី​គូសបញ្ជាក់​អំពី​ការខាតបង់​ខ្ពស់ ប្រធានាធិបតី ចូ បៃ​ដិន បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​មូ​ស្គូថា ខ្លួន​នឹង​សាង​កំហុស​ធ្ងន់ធ្ងរ ប្រសិនបើ​ខ្លួន​ជ្រើសរើស​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​។​

​រឿង​នេះ​កើតឡើង បន្ទាប់​ពី​ការប្រកាសអាសន្ន​ថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការដើរ​គ្រាប់​អុក​ចុងក្រោយ​ដ៏​ឃោរឃៅ​ខណៈ​កងកម្លាំង​របស់​លោក​ប្រឈមមុខ​​នឹង​បរាជ័យ​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា អ៊ុយ​ក្រែន​កំពុង​រៀបចំ​ប្រើ “​គ្រាប់បែក​កខ្វក់​” ពោល​ជា​អាវុធជាតិផ្ទុះ​ធម្មតា​ដែល​ផ្ទុក​សារធាតុ​វិទ្យុសកម្ម​នៅលើ​ដី​របស់​ខ្លួន​សម្រាប់​ជា​ផ្នែក​នៃ​ប្រតិ​​បត្តិ​ការក្លែងបន្លំ​ដើម្បី​បន្ទោស​រុស្ស៊ី​។​

​ត្បិត​ដូច្នេះ​ក្តី រុស្ស៊ី​បានប្រកាសថា ខ្លួន​ហៀបនឹង​ចាប់ផ្តើម​សមយុទ្ធ Grom (​ផ្គរ​លាន់​) ដែល​ទំនងជា​នឹង​រួមបញ្ចូល​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​។​

​ឧត្តមសេនីយ៍ទោ ផា​ទ្រី​ក រ៉ា​យ​ឌឺ (Patrick Ryder) អ្នកនាំពាក្យ​កងទ័ពអាកាស​អាម៉េរិក បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា “​សហរដ្ឋ​អាម៉េរិក​ត្រូវ​បាន​ជូនដំណឹង​ហើយ​ដូច​ដែល​យើង​បាន​គូស​​បញ្ជាក់​ពីមុន​មក នេះ​គឺជា​សមយុទ្ធ​ប្រចាំឆ្នាំ​ជា​ទម្លាប់​របស់​រុស្ស៊ី​”​។​

“​ដូច្នេះ ក្នុងន័យនេះ រុស្ស៊ី​កំពុង​អនុវត្ត​តាម​កាតព្វកិច្ច​គ្រប់គ្រង​អាវុធ​របស់​ខ្លួន និង​ការប្ដេជ្ញា​ឱ្យមាន​តម្លាភាព​ដើម្បី​ធ្វើការ​ជូនដំណឹង​ទាំងនោះ​”​។​

​សមយុទ្ធ​ប្រចាំឆ្នាំ​ជាធម្មតា​រួមមាន​ទាហាន​ជាង ១០.០០០ នាក់ ជើង​ទម្រ​បាញ់​រាប់រយ​គ្រឿង និង​យន្តហោះ​ជាង ១០០ គ្រឿង​ចូលរួម​។​

​ឆ្នាំនេះ សមយុទ្ធ​ធ្វើឡើង​ជាមួយ​អាវុធ​ថ្មី​បន្ថែម​។​

​នៅឯ​សេត​វិមាន លោកបៃ​ដិន​ត្រូវ​បាន​សួរ​អំពី​ការ​ព្រួយបារម្ភ​ថា​រុស្ស៊ី​កំពុង​រៀបចំ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ក្នុង​សមរភូមិ​។​

​លោក​បាន​និយាយ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​កូវី​ដ​ដូ​ស​ជំរុញ យ៉ាង​ដូច្នេះ​ថា “​រុស្ស៊ី​នឹង​សាង​កំហុស​ដ៏​ធ្ងន់ធ្ងរ​មិន​គួរឱ្យ​ជឿ​ក្នុង​ការប្រើប្រាស់​អាវុ​ធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​។ ខ្ញុំ​មិន​ធានា​អ្នក​ថា វា​ជា​ប្រតិបត្តិការ​ក្លែងបន្លំ​នោះទេ​។ ខ្ញុំ​មិនដឹង​ទេ​។ ប៉ុន្តែ​វា​នឹង​ក្លាយជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​”៕

​សមយុទ្ធ​ប្រចាំឆ្នាំ​ជាធម្មតា​រួមមាន​ទាហាន​ជាង ១០.០០០ នាក់ ជើង​ទម្រ​បាញ់​រាប់រយ​គ្រឿង និង​យន្តហោះ​ជាង ១០០ គ្រឿង​ចូលរួម