ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីអាក់ខានមួយលើក នាឆ្នាំ២០២០ ដោយសារកូវីដ ១៩ នោះ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដែលគ្រោងប្រារព្ធធ្វើ ចាប់ពីថ្ងៃទី២១ ដល់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងមានការសម្តែងទស្សនីយភាព ពិសេសៗ ជាច្រើន ជាពិសេស គឺទស្សនីយភាពរាំប្រជាប្រិយ រាំវង់ រាំកន្ទ្រឹម ឡាំលាវ និងទស្សនីយភាពសម្ដែងយុទ្ធគុន ព្រលឹងល្បុក្កតោទៀតផង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជា អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានគូសបញ្ជាក់ថាៈ ក្នុងពិធីបើកជាផ្លូវការ នៃកីឡាជាតិលើកទី៣ នេះ នឹងមានការបង្ហាញការសម្តែងទស្សនីយភាព ពិសេសៗជាច្រើនទម្រង់ ពីក្រុមកងយោធពល ខេមរភូមិន្ទរបស់ ក្រុមបញ្ជាការដ្ឋានអង្គរក្ស ចំនួន ១.០០០ នាក់ ការរាំចង្វាក់រាំវង់ ឡាំលាវ ដែលជាការរំាចង្វាក់ប្រជាប្រិយខ្មែរ មាននារី ៥០០ នាក់ ការបាញ់កាំជ្រួចទំនើប រួមទាំង ទស្សនីយភាព នៃសម្តែងកីឡា មួយចំនួនទៀត ដែលសរុបមានអ្នកសម្តែង ប្រមាណ ២.០០០ នាក់។

ពិធីបើកនិងបិទជាផ្លូវការ ទទួលបន្ទុករៀបចំដោយឡែក ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយផ្នែកផ្សេងៗទៀត ក៏ NOCC ជាអ្នកចូលរួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរួមគ្នាជំរុញឲ្យ ព្រឹត្តិការណ៍កីឡាដ៏ធំ រៀងរាល់ ២ ឆ្នាំម្តងនេះ ទទួលបាន ជោគជ័យ ដើម្បីសម្រេចគោលដៅ មួយជំហានទៀត ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជា ក្រោយពីរង់ចាំ អស់រយៈពេល ៦៤ ឆ្នាំ។

តាមការគ្រោងទុក ពិធីបើកកីឡាជាតិ លើកទី៣ នាខែវិច្ឆិកា ឆ្នាំ២០២២ នឹងទទួលបានការ ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។ កម្មវិធី នឹងចាប់ផ្តើមជាមួយនឹងទស្សនីយភាព ចលនាកាយសមស្រប លំហាត់អប់រំកាយ និងកីឡា ដង្ហែក្បួនប្រតិភូកីឡា រាជធានី-ខេត្ត និងក្រសួង-ស្ថាប័ន។ ដង្ហែទង់ជាតិ ទង់កីឡាជាតិ និងគោរពទង់ជាតិកម្ពុជា។ បន្ទាប់មក មានសុន្ទរកថា និងរបាយការណ៍ ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងសុន្ទរកថា ដោយប្រធានគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

សុន្ទរកថាបើកជាផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន។ ទស្សនីយភាពរាំប្រជាប្រិយ រាំវង់រាំកន្ទ្រឹមឡាំលាវ (ឡាំឡក) ទស្សនីយភាពសម្ដែងយុទ្ធគុន ព្រលឹងល្បុក្កតោ បទចម្រៀង ស្មារតីកីឡា រត់ភ្លើងគប់ ចេញពីវិមានឈ្នះឈ្នះ និងអុជភ្លើងគប់ បាញ់កាំជ្រួច អបអរសាទរ។

ពាក់ព័ន្ធនឹងការរៀបចំកីឡាជាតិ លើកទី៣ នេះ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ ក្នុងលិខិតផ្លូវការរបស់ខ្លួនថាៈ ក្រសួងបានសហការជាមួយ NOCC គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងសហព័ន្ធកីឡាជាតិ ចំនួន ៣៨ ដោយគ្រោងរៀបចំ ការប្រកួតលើ ៣៨ ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិក ចំនួន ៧ ដែលមានវិញ្ញាសាសរុប ៤០៥ នៅភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។
ពិធីបើកផ្លូវការ គ្រោងធ្វើថ្ងៃទី២១ ខែវិច្ឆិកា និងពិធីបិទ គ្រោងធ្វើនាថ្ងៃទី៣០ ខែវិច្ឆិកា នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ។

គោលបំណងចម្បង នៃកីឡាជាតិនេះ គឺដើម្បីផ្តល់ឱកាសដល់ សហព័ន្ធកីឡាជាតិទាំងអស់ បានដាក់មន្ត្រីបច្ចេកទេស ដែលបានបណ្តុះបណ្តាលរួច ឱ្យអនុវត្តការរៀបចំប្រកួតជាក់ស្តែង លើទីលានប្រកួត ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ និងបង្កើនគុណភាពកីឡាករ កីឡាការិនី ឲ្យកាន់តែល្អប្រសើរឡើង បន្ថែមទៀតផងដែរ។

ព្រឹត្តិការណ៍ដ៏ធំនេះ រៀងរាល់ ២ ឆ្នាំម្តងនេះ នឹងរៀបចំពិធីបើក បិទ ឲ្យស្របតាមស្ដង់ដារហ្គេម ហើយជាការសាកល្បង ចុងក្រោយ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ការប្រកួតកីឡាជាតិលើកទី១ ត្រូវបានប្រារព្ធធ្វើឡើង កាលពីឆ្នាំ ២០១៦ និងកីឡាជាតិលើកទី២ ត្រូវបានធ្វើឡើង កាលពីឆ្នាំ២០១៨។ គ្រប់ទម្រង់នៃការរៀបចំ ការប្រកួតកីឡាជាតិនេះ មានគោលដៅចម្បង ទាំងការរៀបចំពិធីបើក-បិទ ទម្រង់ការប្រកួត របស់មន្ត្រីរៀបចំការប្រកួត ការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ចៅក្រម ក៏ដូចជាបង្កើន គុណភាពបច្ចេកទេស របស់កីឡាករ កីឡាការិនី លើប្រភេទកីឡាទាំងអស់ គឺសុទ្ធតែបាញ់ ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡា ជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕/V-PC