ដោយ៖ វណ្ណៈ / ព្រះសីហនុ៖ តម្លៃត្រីកាម៉ុង ឬផ្លាធូ កំពុងឡើងថ្លៃនៅទីផ្សា ប៉ុន្តែអ្នកនេសាទ បែរជាទទួលផល បានតិចតួចបំផុត ចំពោះករណីនេះ មន្ត្រីជំនាញជលផល ខេត្តព្រះសីហនុ កំពុងចុះពិនិត្យវាយតម្លៃ អំពីតម្លៃត្រីកាម៉ុង ក្រោយមានសេចក្តីរាយការណ៏ ពីពលរដ្ឋថា ត្រីកាម៉ុង មានតម្លៃខុសគ្នាច្រើន រវាងថ្លៃលក់ចេញ ពីទូកនេសាទ និងថ្លៃលក់ចេញ នៅលើទីផ្សារ។

សេចក្តីរាយការណ៏ពីផ្សារលើ ក្រុងព្រះសីហនុ បានឲ្យដឹង នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នេះថាៈ តម្លៃលក់ត្រីកាម៉ុង នៅផ្សារលើ ១ គីឡូក្រាម តម្លៃចាប់ពី ១ ម៉ឺនរៀល ទៅជាង ១ ម៉ឺនរៀល តាមគុណភាពត្រី ប៉ុន្តែប្រជាពលរដ្ឋ អ្នកនេសាទត្រីកាម៉ុងផ្ទាល់ នៅទំនប់រលក អះអាងថា តម្លៃត្រីកាម៉ុង ឡើងពីទូក បានធ្លាក់ចុះ លក់បានតម្លៃត្រឹមតែជាង ៣ ពាន់រៀល ទៅ ៤ ពាន់រៀល តែប៉ុណ្ណោះ។

តំណាងប្រជានេសាទត្រីកាម៉ុង នៅតំបន់ទំនប់រលក បានស្នើសុំឲ្យមន្ត្រីជំនាញ ចុះមកពិនិត្យ និងជួយដោះស្រាយ ដើម្បីទប់ស្កាត់ ការទម្លាក់ថ្លៃ នៅដើមទី ហើយ នាំយកទៅតម្លើងថ្លៃ តាមអំពើចិត្ត បែបនេះទេ។

ករណីនេះ មន្ត្រីជលផលខេត្តព្រះសីហនុ បានប្រាប់ថាៈ មន្ត្រីជំនាញ នឹងចុះស្រាវជ្រាវ ជាក់ស្តែង ហើយពលរដ្ឋអ្នកនេសាទ អាចទំនាក់ទំនងសួរព័ត៌មានបន្ថែម មកខណ្ឌរដ្ឋបាល ជលផលខេត្ត តាមទូរស័ព្ទលេខ 069 800 872 ៕ V / N