ដោយ: ពៅនិមល / ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញបដិសេធនូវលិខិត ផ្សព្វផ្សាយរបស់ក្រុមហ៊ុន FRENCH OL GROUP ដោយបានប្រើប្រាស់ Logo និងត្រាក្លែងបន្លំ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់ ឯកសារ ដែលក្រុមហ៊ុន និងសាខាក្រុមហ៊ុនបរទេសទាំងអស់ បានតម្កល់ នៅក្រសួងពាណិជ្ជកម្ម។

ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី ការបដិសេធលិខិតផ្សព្វផ្សាយ របស់ក្រុមហ៊ុន FRENCH OL GROUP ចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នេះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ យ៉ាងច្បាស់ថាៈ ក្រុមហ៊ុន FRENCH OL GROUP ពុំបានចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម នោះទេ។

ប្រភពដដែល បានបន្តថាៈ យោងតាមលិខិតបទដ្ឋាន និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា រាល់ក្រុមហ៊ុន និងសាខាក្រុមហ៊ុនបរទេស ដែលមិនបានចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្មទេនោះ នឹងមិនអនុញ្ញាតឱ្យប្រកបសកម្មភាពពាណិជ្ជកម្ម និងសេវាកម្ម ដោយស្របច្បាប់ នោះឡើយ៕ V / N