ដោយ: បូកគោ / កែប: អាជ្ញាធរ បានបញ្ជាក់ថាៈ នាពេលបច្ចុប្បន្ន មូលដ្ឋានឃុំពងទឹក ស្រុកដំណាក់ចង្អើរ កំពុងមានកិច្ចអភិវឌ្ឍន៍ លើគ្រប់វិស័យ ពិសេសភ្នំវល្លិ៍ ត្រូវបានដាក់ បញ្ចូល ជាតំបន់ប៉ូលអភិវឌ្ឍន៍ វិស័យទេសចរណ៍ និងកសិ-ឧស្សាហកម្ម ដ៏សំខាន់របស់ ខេត្តកែប។

លោកស្រី ភូ មុំ ជំទប់ទី១ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានប្រាប់ឲ្យដឹងថាៈ បច្ចុប្បន្ន​ក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ដែលមានអាជ្ញាធរខេត្ត ស្រុក ឃុំ ជាសេនាធិការ បានធ្វើឲ្យមូលដ្ឋានរបស់លោកស្រី មានការអភិវឌ្ឍ ស្ទើរគ្រប់វិស័យ។  អ្វីដែលគួរឲ្យកត់សម្គាល់ គឺភ្នំវល្លិ៍ ជាសមរភូមិក្តៅ កាលពីអំឡុងទសវត្សរ៍ទី៩០ បានក្លាយ មកជាតំបន់ទេសចរណ៍ធម្មជាតិ,កសិ-ទេសចរណ៍ និងជាតំបន់កសិ-ឧស្សាហកម្មដ៏សំខាន់របស់ខេត្តកែប ដែលមានសក្តានុពលទាក់ទាញ សម្រាប់អ្នកវិនិយោគ និងភ្ញៀវទេសចរ ជិតឆ្ងាយ។

ស្រដៀងគ្នានេះ ប្រជាពលរដ្ឋ រស់នៅភូមិអន្ទង់ស ឃុំពងទឹក បានរៀបរាប់ថាៈ កាលពីមុន ភ្នំវល្លិ៍ ប្រៀបបាននឹងតំបន់ដាច់ស្រយាល ដែលភ្ញៀវពិបាក ធ្វើដំណើរមកដល់ ហើយក៏ គ្មាននរណាចង់ឆ្លងកាត់ដែរ ព្រោះជាជម្រកខ្មែរក្រហម ។ ប៉ុន្តែបច្ចុប្បន្ន តំបន់ភ្នំវល្លិ៍ បាន និងកំពុងអភិវឌ្ឍន៍ គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដោយមានផ្លូវខ្វាត់ខ្វែង ទឹក ភ្លើង ផ្ទះធំៗ សាលារៀន មន្ទីរពេទ្យ និងផ្សារដោះដូរ ផលិតផលផ្សេងៗ។ សព្វថ្ងៃ តំបន់ភ្នំវល្លិ៍ មានភាពអ៊ូអរ ហើយកម្រិតជីវភាពប្រជាពលរដ្ឋ ក៏បានប្រសើរឡើង ជាលំដាប់។

បញ្ជាក់ឲ្យដឹងនាពេលថ្មីៗនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមាន ប្រសាសន៍ថាៈ ភ្នំវល្លិ៍ដែលពីមុន ជាសមរភូមិក្តៅ ចុងក្រោយ រវាងកម្លាំងខ្មែរក្រហម និង កម្លាំងរដ្ឋាភិបាល បច្ចុប្បន្ន ត្រូវបានដាក់បញ្ចូល ជាតំបន់ប៉ូលអភិវឌ្ឍន៍មួយ ក្នុងចំណោម ប៉ូលទាំងបួន។ ទីនេះជាប៉ូលសំខាន់ ក្នុងចំណោមតំបន់ឆ្នេរ តំបន់ឧទ្យានជាតិកែប តំបន់ប្រជុំកោះ នៃខេត្តកែប។

លោកអភិបាលខេត្ត បានបន្តថាៈ ទៅថ្ងៃខាងមុខ តំបន់នេះ នឹងកាន់តែមានសក្តានុពល ទាក់ទាញអ្នកវិនិយោគ ក៏ដូចជាទេសចរណ៍ យ៉ាងខ្លាំងក្លាបំផុត។ ខណ:នោះ ជីវភាព ប្រជាពលរដ្ឋ ក្នុងតំបន់ ពិតជាកាន់តែល្អប្រសើរឡើង បន្ថែមទៀត៕/V-PC