​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដឹដ្រាយ) ៖ សហរដ្ឋ​អាម៉េរិក​ឥឡូវ​នេះ​បាន​ផ្តល់ឱ្យ​អ៊ុយ​ក្រែន​នូវ​គ្រាប់កាំភ្លើង​ធំ​ជាង​មួយ​លាន​គ្រាប់​ចាប់តាំងពី​ខ្លួន​បានចាប់ផ្តើម​ដឹកជញ្ជូន​អាវុធ​ទៅ​កាន់​ប្រទេស​​មួយ​នេះ​ដើម្បី​ជួយ​ដល់​ការប្រយុទ្ធ​របស់​ពួកគេ​ប្រឆាំងនឹង​រុស្ស៊ី នេះ​បើ​យោង​តាម​តួលេខ​ចុង​ក្រោយ​ពី​ក្រសួង​ការពារជាតិ​អាម៉េរិក​។​

​នោះ​រួម​បញ្ចូល​គ្រាប់​ស្តង់ដារ ១៥៥​មិល្លីម៉ែត្រ ៩០៣.០០០ គ្រាប់​ក៏​ដូចជា​គ្រាប់​នាំ​ផ្លូវ M982 Excalibur៣.០០០​គ្រាប់ គ្រាប់ RAAMS ៧.០០០ គ្រាប់ និង គ្រាប់ផ្លោង ១០៥ មិល្លីម៉ែត្រ ១៨០.០០០ គ្រាប់​។​

​សរុបមក នោះ​គឺ​មាន​ជាង ១,០៩ លាន​គ្រាប់ ដែល​មាន​ទម្ងន់​សរុប​លើសពី ៥០.០០០ តោន គឺ​ធ្ងន់​ជាង​រូបសំណាក​សេរីភាព​ជិត​ពីរដង​។​

​គ្រាប់​ទាំងនោះ​គឺជា​ផ្នែក​នៃ​ជំនួយ​សន្តិសុខ​ជាង ១៨,២ ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែន​ចាប់​តាំងពី​ការចាប់ផ្តើ​មនៃ​រដ្ឋបាលបៃដិ​ន រួម​ទាំង​ប្រហែល ១៧,៦​ពាន់​លាន​ដុល្លារ​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​​ការឈ្លានពាន​ពេញទំហឹង​របស់​រុស្ស៊ី​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​។​

M795 គឺជា​គ្រាប់​ស្តង់ដារ​សម្រាប់​កាំភ្លើង​ធំ M777 ទំហំ ១៥៥​មិល្លីម៉ែត្រ ដែល​ប្រើប្រាស់​ដោយ​កងទ័ពជើងគោក​អាម៉េរិក​និង​កង​ម៉ា​រី​ន​អាម៉េរិក​៕

​គ្រាប់កាំភ្លើង​ធំ ១,០៩ លាន​គ្រាប់​របស់​អាម៉េរិក​ត្រូវបាន​បញ្ជូន​ឱ្យ​កងកម្លាំង​អ៊ុយ​ក្រែន​ប្រើ​