ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនបុរសម្នាក់ ពីបទប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ដោយប្រើពូថៅវាយប្រពន្ធ វាយកូន ឱ្យរងរបួសធ្ងន់ បន្ទាប់ពីសុំប្រពន្ធ រួមភេទ តែប្រពន្ធបានបដិសេធ។ ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថាៈ ស្ត្រីរងគ្រោះ ឈ្មោះ យីវ សារុន អាយុ ២៩ ឆ្នាំ រស់នៅ ភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។ ចំណែកជនដៃដល់ ឈ្មោះ វី វិច្ឆ័យ អាយុ ៣៧ ឆ្នាំ ត្រូវជាប្ដី រស់នៅជាមួយគ្នា។

លោកបានបន្តថាៈ តាមពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះ បានឱ្យដឹងថា កាលពីវេលាម៉ោង ០២:០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែតុលា ឈ្មោះ វី វិច្ឆ័យ បានយកដង ពូថៅ វាយទៅលើប្រពន្ធ ឈ្មោះ យីវ សារុន ជាច្រើនដង ត្រូវចំក្បាល ចំដៃ ចំខ្នង បណ្ដាលឲ្យរងរបួសធ្ងន់ ព្រមទាំងធាក់កូនស្រី ឈ្មោះ វិឆៃ សុខលីឡា អាយុ ៩ ឆ្នាំ រស់នៅក្នុងបន្ទុក ត្រូវចំភ្នែក បណ្ដាលឲ្យជាំ។ ជាមួយគ្នានេះ ជនដៃដល់ ថែមទាំងវាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់ ក្នុងគ្រួសារ អស់ជាច្រើនទៀតផង។

ក្រោយឃាត់ខ្លួនជនដៃដល់ ឈ្មោះ វី វិច្ឆ័យ ជាមនុស្សផឹកស្រាជាប្រចាំ និងប្រើប្រាស់ គ្រឿងញៀន ហើយតែងតែប្រើអំពើហិង្សា ក្នុងគ្រួសារជាញឹកញាប់។

សមត្ថកិច្ច បានសាកសួរ ជនដៃដល់ បានឆ្លើយសារភាពថាៈ ខ្លួនគេ ពិតជាបានធ្វើ សកម្មភាព ខាងលើ ប្រាកដមែន មូលហេតុ ប្រពន្ធមិនព្រមឱ្យរួមភេទ ។

បច្ចុប្បន្ន សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធី៕/V-PC