ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្នុងជំនួបពិភាក្សារវាង មន្រ្តីជាន់ខ្ពស់ នៃក្រសួងបរិស្ថាន និងមន្រ្តីនៃប្រទេសកូរ៉េ បានបង្ហាញលើកិច្ចសហប្រតិបត្តិការការងារ ដើម្បីសំដៅជំរុញ លើការអភិវឌ្ឍបៃតង នៅកម្ពុជា។ បើតាមការចុះផ្សាយរបស់ ទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឱ្យដឹងពីការរួមគ្នា លើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២នេះ បានធ្វើឡើង ក្នុងជំនួបរវាង លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកបណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នារដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។

លោក អ៊ាង សុផល្លែត បានថ្លែងឱ្យដឹង ក្នុងពិធីនេះថាៈ កិច្ចសហប្រតិបត្តិការ ដែលអនុវត្ត ជាសកម្មភាព ជាអាទិភាព ដូចជាគម្រោងផ្តួចផ្តើម ការរៀបចំរថយន្តដឹកជញ្ជូនសិស្ស ដោយប្រើអគ្គិសនី ការជំរុញប្រសិទ្ធភាពថាមពល នៅតាមខ្នងផ្ទះ និងការប្រើប្រាស់ ថាមពលសូឡា សម្រាប់បំភ្លឺនិងបូមទឹក នៅតាមសហគមន៍ តំបន់ការពារធម្មជាតិជាដើម។

ជាការឆ្លើយតប លោកបណ្ឌិត Frank Rijsberman បានបង្ហាញការគាំទ្រ ហើយ បានលើកឡើងថាៈ ភាគីទាំង២ នឹងពិនិត្យសិក្សាបន្ថែម ដើម្បីជំរុញឱ្យមានការអនុវត្ត ជាក់ស្តែង នៅពេលខាងមុខ។

ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ប្រតិភូកម្ពុជាដឹកនាំដោយលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាននិងកំពុងចូលរួមកម្មវិធីសប្តាហ៍អភិវឌ្ឍន៍បៃតងសកល ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ សកល នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ ប្រតិភូកម្ពុជា នឹងចូលរួមកិច្ចប្រជុំ ចំនួន ៣ ទៀត រួមមានៈ ១.កិច្ចប្រជុំពេញអង្គលើកទី១១ និងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៥ នៃវិទ្យាស្ថាន អភិវឌ្ឍន៍បៃតងសកល និង២.កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លើការអភិវឌ្ឍន៍បៃតង ផងដែរ៕/V