ដោយៈ ចាន់តូ / ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានបង្ហាញមុខជាសាធារណៈ នូវជនសង្ស័យចំនួន ប្រាំនាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត និងក្លែងបន្លំឯកសារសាធារណៈ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នេះ មុនពេលបញ្ជូនទៅអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ មានករណីជនសង្ស័យ លួចស្លាកលេខរថយន្ត លេខ ភ្នំពេញ 2BL-0980 របស់បងប្អូនប្រជាពលរដ្ឋ នៅចំណុច ផ្ទះលេខ១០១ ផ្លូវB ភូមិភ្លូផ្អែម សង្កាត់គោកការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោយទទួលបានពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន ពីរនាក់ នៅខេត្តកំពង់ឆ្នាំង ដែលទទួលផលចោរកម្ម ។ រហូតដល់យប់ថ្ងៃទី២៣ ខែតុលា ដដែល កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបន្តស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ បានពីរនាក់បន្ថែមទៀត នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិច តាមបណ្ដោយផ្លូវជាតិ លេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ រួចកម្លាំងជំនាញ បានបន្តការសាកសួរ និងបន្តឃាត់ខ្លួន ជនសង្ស័យម្នាក់ បន្ថែមទៀត នៅចំណុចប្រេងឥន្ធនៈ ptt តាមបណ្ដោយ ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះដែរ កម្លាំងនគរបាល បានដកហូតវត្ថុតាង រួមមាន ស្លាកលេខរថយន្ត របស់ជនរងគ្រោះ ដែលបាត់ ចំនួន ២ សន្លឹក (ភ្នំពេញ 2BL-0980 ) រថយន្តម៉ាកតូយ៉ូតា ព្រូស ចំនួន ២គ្រឿង, វិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តរបស់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក, លត្រាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន (ឆៀករថយន្ត) មួយចំនួន, លត្រាបត្ររថយន្ត ប្រភេទទេសចរណ៍ (មីញែត) មួយចំនួន, ប័ណ្ណសម្គាល់រថយន្ត និងប័ណ្ណបើកបររថយន្ត មួយចំនួន, លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូន របស់គេនាយកដ្ឋានពន្ធដារ (ពន្ធផ្លូវសម្រាប់រថយន្ត) , ម៉ាស៊ីនព្រីន ម៉ាស៊ីនហ្វូតូ កុំព្យូទ័រ..-ល-។

យោងតាមរបាយការណ៍ សមត្ថកិច្ច បានឱ្យដឹងថាៈ ជនសង្ស័យទាំង ជាមនុស្សប្រុស ទាំងប្រាំនាក់នោះ រួមមានៈ ទី១. ឈ្មោះ ពៅ សំអឿន អាយុ ៣១ឆ្នាំ មុខរបរ ទិញលក់ រថយន្ត ស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ទី២. ឈ្មោះ ភ័ណ្ឌ ផល្លា អាយុ ២៣ ឆ្នាំ មុខរបរ ជាងមេការនិក ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ទី៣. ឈ្មោះ ឡុង ស៊ុនសាវ៉េត ហៅ វណ្ណ អាយុ ៣២ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ០២អា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៤. ឈ្មោះ សឿង រ៉ាវី ហៅ ពេជ្រ អាយុ ៣១ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី៥. ឈ្មោះ ឡុង ស៊ុនសត្យា ហៅ យូវ អាយុ ២៨ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៩៨ ផ្លូវលេខ០២៣ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យ ទាំងប្រាំនាក់ ត្រូវបានកម្លាំងនគរបាល បញ្ជូនខ្លួនទៅអយ្យការ អមសាលាដំបងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕/V-PC