ដោយៈ សុផល / ភ្នំពេញ៖ រាជរដ្ឋាភិបាល បានបន្តអនុវត្តវិធានការ រយៈពេល ៣ ខែ បន្ថែមទៀត សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបទ្បើងវិញ​នៃវិស័យទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា។

យោងតាមរយៈសេចក្តីជូនដំណឹងរបស់ រាជរដ្ឋាភិបាលលេខ ០៣ ប្រកព ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ រាជរដ្ឋាភិបាល ដាក់ចេញនូវវិធានការបន្ថែម ជូនវិស័យទេសចរណ៍ ដូចខាងក្រោម៖

១.បន្តលើកលែងការបង់ពន្ធ ប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជី ជាមួយ​អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ ខែ បន្ថែមទៀត គឺពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ច ដាក់លិខិតប្រកាស ពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនទ្បាញ សម្រាប់ការគ្រប់គ្រងអាករ លើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំទ្បុងពេលនេះ។

២. លើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ឆ្នាំ២០២២ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ច ដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូល​ប្រចាំឆ្នាំ២០២២ យ៉ាងយឺតបំផុត ឱ្យបានមុនដំណាច់ខែមីនា ឆ្នាំ២០២៣។

៣. បន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញ ដល់បុគ្គលិក របស់ខ្លួន ដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន​ពីសំណាក់ គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់៕/V-PC