ដោយៈ សុផល / ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវទេសចរ ក្នុងសប្តាហ៍ទី៣ ចាប់ពីថ្ងៃទី ១៧-២៣ ខែតុលា ២០២២ មានចំនួន ៥៣២.៤៥៥ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥០៥.១១៧ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២៧.៣៣៨ នាក់។ នេះបើយោងតាម ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦ ខែតុលា នេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តពោធិ៍សាត់ ១៣៧.៧៣៧ នាក់, ខេត្តព្រះសីហនុ ១២៩.១៤៧ នាក់, ក្រចេះ ១២២.៥៣៩ នាក់, សៀមរាប ២៧.២៨៣ នាក់, រាជធានីភ្នំពេញ ២០.៨៩៨ នាក់, ខេត្តកំពត ១៩.៦៩៤ នាក់។

ចំនួនភ្ញៀវផ្ទៃក្នុង បន្តមានចំនួនច្រើន ក្នុងសប្តាហ៍កន្លងមក ដោយសាររដ្ឋបាល ខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រណាំងទូក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២២ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីប្រណាំងទូក រយៈពេល ៣ថ្ងៃផងដែរ ចាប់ពីថ្ងៃទី២១-២៣ ខែតុលា ឆ្នាំ២០២២ ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ជាច្រើនកុះកុរ។

ទន្ទឹមនឹងនេះ នេះជាសប្តាហ៍ទី៣ ជាប់គ្នា ដែលខេត្តព្រះសីហនុ បន្តទទួលបាន ភ្ញៀវទេសចរ មកកម្សាន្តជាច្រើន បន្ទាប់ពីមានការដាក់ ឱ្យដំណើរការសាកល្បង ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ រយៈពេល ១ខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ បណ្តាខេត្តផ្សេងទៀត ដែលនៅជាប់បណ្តោយដងទន្លេ បាននិងកំពុង ត្រៀមរៀបចំព្រឹត្តិការណ៍ ប្រណាំងទូក ទៅតាមពេលវេលាសមស្រប និងស្ថានភាព ជាក់ស្តែង ក្នុងមូលដ្ឋានរបស់ខ្លួន។

ដោយឡែក បណ្តារដ្ឋបាលរាជធានី-ខេត្ត និងគណៈបញ្ជាកាឯកភាព បានបន្តយកចិត្តទុក ដាក់ខ្ពស់ ក្នុងការគ្រប់គ្រងស្ថានភាពទឹកជំនន់ ក្នុងមូលដ្ឋានខ្លួន ការចុះចែកស្បៀងអាហារ​សម្រាប់ប្រជាពលរដ្ឋ ដែលរងគ្រោះ រួមជាមួយការដាក់ចេញវិធានការសង្គ្រោះ ក្នុងករណីបន្ទាន់ផងដែរ៕/V-PC