ដោយៈ ពៅនិមល / ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថាៈ ក្នុងរយៈពេលប៉ុន្មាន ថ្ងៃ ចុងក្រោយនេះ និងកំឡុងពេល នៃពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock ឆ្នាំ២០២២ ទទួលបានការស្នើសុំលេខ អត្តសញ្ញាណវិនិយោគិនថ្មី និងបើកគណនីជួញដូរ ចំនួនប្រមាណជាង ២.០០០ គណនីថ្មី។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រោយចប់កម្មវិធីពិព័រណ៍ ផ្សារភាគហ៊ុនកម្ពុជា កាលពីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កន្លងទៅ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើងថាៈ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា បានប្រព្រឹត្តទៅយ៉ាងជោគជ័យ ដោយមានសាធារណជន ជាង ២.០៥០.០០០ នាក់ បានជ្រាបពីព័ត៌មាន នៃពិព័រណ៍ និងមានសាធារណជន ជាង ៨១.០០០ នាក់ បានចាប់អារម្មណ៍ និងចូលមកកាន់ទំព័រហ្វេសបុកផ្លូវការរបស់ ផ្សារមូលបត្រកម្ពុជា ដើម្បីស្វែងយល់ពីផ្សារភាគហ៊ុន។

លោកបានឲ្យដឹងទៀតថាៈ ផ្សារមូលបត្រកម្ពុជា នឹងបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាល វិនិយោគិនថ្មីៗ ឱ្យយល់ច្បាស់ពីទីផ្សារ ដោយនឹងមានវគ្គបណ្តុះបណ្តាល ជារៀងរាល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ២ ដល់ ៥ រសៀល នៅអគារផ្សារមូលបត្រកម្ពុជា និងតាមប្រព័ន្ធអនឡាញ។

លោកបានបន្តថាៈ សាធារណជន រាប់រយនាក់ នឹងមានឱកាសស្នើសុំបើកលេខ អត្តសញ្ញាណវិនិយោគិនថ្មី និងបើកគណនី ដោយឥតគិតថ្លៃផងដែរ នៅក្នុងវគ្គបណ្តុះ បណ្តាល។

លោកបានលើកឡើងទៀតថាៈ “ ថ្លៃភាគហ៊ុន ភាគច្រើន នៅទីផ្សារយើង បច្ចុប្បន្ន ស្ទើរទាំងអស់ កំពុងតែត្រូវបានជួញដូរ ក្នុងថ្លៃទាប ដូចនេះវិនិយោគិនរបស់យើង អាចទិញបានភាគហ៊ុន ក្រុមហ៊ុនល្អៗ ក្នុងថ្លៃពិសេស ដែលនេះ ក៏មកពីកត្តាទីផ្សារ រួមផ្សុំជាមួយសេដ្ឋកិច្ចពិភពលោក ធ្លាក់ចុះ ការមានសង្គ្រាម និងវិបត្តិអតិផរណាជាដើម។ នេះគឺជាឱកាសដ៏ល្អមួយ សម្រាប់វិនិយោគិនទាំងអស់គ្នា ព្រោះថ្លៃភាគហ៊ុន អាចនឹងឡើង ថ្លៃវិញខ្លាំង ក្នុងពេលខាងមុខ ដូចខ្ញុំធ្លាប់បាននិយាយថា ទិញហ៊ុន ក៏នឹងអាចធ្វើឱ្យយើង ក្លាយជាអ្នកមានបានដែរ”៕/V-PC

ចំណងជើងរូបភាព ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា នាពេលកន្លងទៅនៅក្រុងភ្នំពេញ
រូបភាពឯកសារ