ដោយៈ សុផល / ភ្នំពេញ៖ នៅវេលាម៉ោង ៩:៣០ នាទី ព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូ ជាន់ខ្ពស់សភា នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ក្នុងការអញ្ជើញចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ដែលនឹងប្រារព្ធធ្វើឡើង ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

នៅអាកាសយានដ្ឋានអន្តរជាតិដនមឿង សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ ទទួលស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំសភា ប្រទេសថៃ និងលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសថៃ និងសហការី។

តាមគម្រោង នៅរសៀលថ្ងៃនេះ សម្តេចប្រធានរដ្ឋសភា មានកម្មវិធីបន្តបន្ទាប់ រួមមាន ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាប្រទេសឡាវ លោក សាយ សំភូន ភូមវិហាន អនុញ្ញាតឱ្យលោកអគ្គលេខាធិការ អន្តរសភាអាស៊ាន (AIPA) ចូលជួបសម្តែងការ គួរសម និងបន្ទាប់មកទៀត សម្តេចនឹងអញ្ជើញចូលរួមពិធីបើកជាផ្លូវការ កិច្ចប្រជុំប្រចំា​ឆ្នាំ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ផងដែរ ។

សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំ (APPF) នេះ។ ក្រៅពីនេះ កំឡុងពេលស្នាក់នៅទីក្រុងបាងកក សម្តេចប្រធានរដ្ឋសភា នឹងជួបពិភាក្សា ការងារទ្វេភាគី ជាមួយលោក ឈួន លីកផៃ ប្រធានរដ្ឋសភាថៃ និងទទួលជួបសវនាការ ជាមួយថ្នាក់ដឹកនាំសភាប្រទេសជាមិត្ត និងថ្នាក់ដឹកនាំអង្គការ សភាមួយចំនួនទៀត ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ វិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិ ទំាងក្នុងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី។

ចំណែកសមាជិក គណៈប្រតិភូដទៃទៀត នឹងចូលរួមកិច្ចប្រជុំ ជាច្រើនទៀតរបស់ APPF ស្របតាមកម្មវិធី ដែលបានរៀបចំ។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានសមាជិក ចំនួន ២៨ ប្រទេស នៅឆ្នាំនេះ ប្រារព្ធកិច្ចប្រជុំរបស់ខ្លួន ក្រោមមូលបទ “សភា និងការស្តារឡើងវិញ ប្រកបដោយចីរភាព ក្រោយជំងឺកូវីដ-១៩ ដើម្បលើកកំពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ”។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះ ជាភាសាអង់គ្លេសថា “The Asia Pacific Parliamentary Forum” បានផ្តួចផ្តើមបង្កើតឡើង ដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងសកលលោក៕ V / N