​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ សហរដ្ឋ​អាម៉េរិក ជប៉ុន​និង​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ពុធ​ទី​២៦​តុលា​បាន​ព្រមាន​អំពី​ចម្លើយ​តប​ក្នុង​ទំហំ​«​មិន​ស្មើគ្នា​»​មួយ​បើសិនជា​កូរ៉េខាងជើង​ធ្វើ​ការសាកល្បង​គ្រាប់​​បែក​នុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ​។​

​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ីន​តោន​និង​សម្ពន្ធមិត្តរ​បស់​ខ្លួន​ជឿ​ថា​កូរ៉េ​ខាងជើង​អាច​ជិត​ធ្វើ​ការសាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​ជា​លើកដំបូង​គិត​ចាប់តាំងពី​ឆ្នាំ​២០១៧​។​

​អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​លោកចូ ហ្យុន​-​ដុង ( Cho Hyun-dong)​បាន​ប្រាប់​សន្និសីទកាសែត​នៅ​ទីក្រុង​តូ​ក្យូ​ថា​«​យើង​យល់​ស្រប​ថា​ចាំបាច់​មាន​ចម្លើយ​តប​ក្នុង​ទំហំ​មិន​ស្មើគ្នា​មួយ​បើ​សិន​​ជា​កូរ៉េខាងជើង​បន្ត​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ​»​។​

(​ពី​ឆ្វេង​)​អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង ចូ ហ្យុន​-​ដុង អនុ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន តាកេ​អូ ម៉ូ​រី និង​សម​ភាគី​អាម៉េរិក​លោកស្រី វេន​ឌី សឺ​មែន ជួបប្រជុំ​នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​២៥​តុលា

​ដោយ​ហៅ​វា​ថា​ជា​ការ​ធ្វេសប្រហែស​និង​ធ្វើអោយ​អស្ថិរភាព​តំបន់ អនុ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោកស្រី វេន​ឌី សឺ​មែន​( Wendy Sherman)បាន​និយាយថា​«​យើង​ទទូច​កុំ​អោយ​កូរ៉េ​ខាងជើង​​បង្ករឿង​ថែមទៀត​។​អ្វីមួយ​ដែល​បាន​កើតឡើង​នៅទីនេះ ដូច​ជា​ការសាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​…​ធ្វើអោយ​ស្មុគស្មាញ​សន្តិសុខ​ពិភពលោក​ទាំងមូល​»​។​

​ជាការ​បញ្ជូន​សារ​មួយ​ទៅកាន់​អ្នកគាំទ្រ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាងនៅក្នុង​ក្រុមប្រឹក្សា​សន្តិសុខ ពោលគឺ​ចិន​និង​រុស្ស៊ី លោកស្រី​បាន​និយាយថា​«​យើង​ពិតជា​សង្ឃឹមថា​គ្រប់​គ្នា​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​​នឹង​យល់​ថា​ការប្រើ​សព្វាវុធ​នុយក្លេអ៊ែ​រណា​មួយ​នឹង​ដូរ​ពិភពលោក​ហួស​និស្ស័យ​»​។​

​សូមបញ្ជាក់​ថា វា​ជា​លើកដំបូង​ចាប់តាំងពី​កូរ៉េ​ខាង​ជើង​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​២០០៦ ចិន​និង​រុស្ស៊ី​នៅ​ឆ្នាំ​នេះ​បាន​បោះឆ្នោត​ប្រឆាំង​ការជំរុញមួយដឹកនាំ​ដោយ​អាម៉េរិក​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​​កូរ៉េខាងជើង​បន្ថែម​។​

​កូរ៉េ​ខាងជើង​បាន​សាកល្បង​សព្វាវុធ​ក្នុង​ល្បឿន​ដ៏​លឿន​មិន​ដែល​ធ្លាប់​មាន​នៅ​ឆ្នាំនេះ ដោយ​បាន​បាញ់​កាំជ្រួច​ជាង​២០​ដើម រួម​មាន​កាំជ្រួច​មួយ​ហោះ​រំលង​ជប៉ុន​ផង​។​យោធា​កូរ៉េ​ខាងជើង​កាលពី​សប្តាហ៍​​មុន​ក៏​បាន​បាញ់កាំភ្លើង​ធំ​រាប់រយ​គ្រាប់​ចេញពី​ឆ្នេរ​របស់ខ្លួន​នៅក្នុង​អ្វីដែល​ខ្លួន​ហៅ​ថា​ជា​ការព្រមាន​ប្រទេស​ក្បែរ​ខាង​កូរ៉េខាងត្បូង​។​

​កាលពី​ខែ​កញ្ញា នាវា​ដឹក​យន្តហោះ​អាម៉េរិក​USS Ronald Reagan​និង​នាវា​អម​ជាច្រើន​បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​ជាមួយ​កងកម្លាំង​កូរ៉េខាងត្បូង ក្នុង​ការឆ្លើយតប​នឹង​ការបាញ់​សាកល្បង​កាំ​ជ្រួច​​របស់​កូរ៉េ​ខាងជើង ។​

​ចំណែក​អនុ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក​តាកេ​អូ ម៉ូ​រី​(Takeo Mori)​បាន​និយាយថា ក្នុង​ការឆ្លើយតប​« អាម៉េរិក កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ប្តេជ្ញា​ពង្រឹង​កិច្ច​សហការ​គ្នា​ដោយ​យើង​យល់ព្រម​ពង្រឹង​​សមត្ថភាព​រារាំង​និង​ឆ្លើយតប​របស់​សម្ពន្ធភាព​ជប៉ុន​-​អាម៉េរិក​និង​សម្ពន្ធភាព​អាម៉េរិក​-​កូរ៉េខាងត្បូង​។​យើង​ក៏​ជំរុញ​កិច្ចសហការ​សន្តិសុខ​ក្នុងចំណោម​ប្រទេស​ទាំង​បី​»​ផងដែរ។​

​អំពី​ភាព​តានតឹង​រវាង​ចិន​និង​កោះ​តៃវ៉ាន់ លោកស្រី​សឺ​មែន​បានបញ្ជាក់​អះអាង​ឡើងវិញ​ថា អាម៉េរិក​មិន​គាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់​ទេ តែ​«​ក៏​មិន​ឈប់​សហការ​ជាមួយ​ជប៉ុន​និង​កូរ៉េខាងត្បូង​ដើម្បី​​ជួយ​តៃវ៉ាន់​ការពារ​ខ្លួនឯង​»​ដែរ​៕