ដោយ: សម្បត្តិ/ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀន ១៦០គីឡូក្រាម ដែលលួចឆ្លងដែនពីប្រទេសឡាវចូលមកប្រទេសកម្ពុជា នៅវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ ។

ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងជំនាញ (ក៧)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ លោកវរសេនីយ៍ទោ សាន សុខបាន នាយរងការិយាល័យ(ក៧) មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាប ករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវ មកកម្ពុជា នៅចំណុច ផ្លូវលេខ៥៣ ស្ថិតក្នុង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញជាលទ្ធផលឃាត់ជនសង្ស័យ៣នាក់ រួមមាន ៖
១-ឈ្មោះ ង្វៀន ជុងហឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ វៀតណាម។
២-ឈ្មោះ ប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ឡាវ។
៣-ឈ្មោះ លឹម កុយ ភេទប្រុសអាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ។

វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន មេតំហ្វេតាមីន(ICE) ១៦០ដុំ ទម្ងន់ប្រមាណ១៦០គីឡូក្រាម ហើយបច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បាននឹងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕ P / N