ដោយៈ សុផល / ភ្នំពេញ៖ បន្ទាប់ពីអញ្ជើញដល់ ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួម វេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក លើកទី៣០ ដែលសភាប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានឆ្លៀតពេលទទួលជួបពិភាក្សា ការងារជាមួយលោក សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ នារសៀលថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

នៅក្នុងជំនួបនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក សាយ សំភូន ភូមវិហាន បានវាយតម្លៃខ្ពស់ និងអបអរសាទរ ចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃជំនួប​ពិភាក្សាទ្វេភាគី រវាងសម្តេច និងលោកប្រធានរដ្ឋសភា កាលពីពេលថ្មីៗនេះ នៅក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅប្រទេសឡាវ ដែលជំនួបពិភាក្សាការងារ កាលនោះ ប្រធានរដ្ឋសភា ប្រទេសទំាងពីរ បានឯកភាពគ្នា ធ្វើបច្ចុប្បន្នភាពអនុស្សរណៈ (MoU) រវាងសភាទាំងពីរ ដែលមានស្រាប់នេះ ឱ្យកាន់ល្អប្រសើរថែមទៀត ឆ្លើយតបទៅនឹងតម្រូវការ និងផលប្រយោជន៍របស់ ស្ថាប័នយើងទាំងពីរ ក៏ដូចជា​ផលប្រយោជន៍រួមរបស់ ប្រជាជាតិទាំងសងខាង ព្រមទាំង ស្របទៅនឹងសភាពការណ៍វិវឌ្ឍ នៅក្នុងតំបន់ និងសកលលោក ។

លោក សាយ សំភូន ភូមវិហាន បានបញ្ជាក់ជម្រាប សម្តេចថាៈ លោកនឹងដឹកនាំ គណៈប្រតិភូ បំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមមហាសន្និបាត AIPA លើកទី៤៣ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅចុងខែវិច្ឆិកា ខាងមុខនេះ។ ជាមួយគ្នានេះ លោក បានអបអរសាទរ ចំពោះការអភិវឌ្ឍន៍កម្ពុជា លើគ្រប់វិស័យ និងស្នើសម្តេចជួយជំរុញ​អ្នកវិនិយោគកម្ពុជា ទៅបណ្តាក់ទុន ឱ្យច្រើននៅក្នុងប្រទេសឡាវ។

លោកប្រធានរដ្ឋសភាឡាវ បានថ្លែងអំណរគុណ ដល់រដ្ឋសភាកម្ពុជា ដែលបានទទួលយក មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ ចំនួន ២៥ នាក់ បានទៅសិក្សា និងដកស្រង់ បទពិសោធន៍ ក្នុងការរៀបចំមហាសន្និបាត AIPA ផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍របស់លោក ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ពិសេស ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ។ សម្តេចបានគូសបញ្ជាក់ថាៈ រដ្ឋសភាប្រទេសទាំងពីរ តែងតែគាំទ្រគ្នា ទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងនោះ វេទិកាអន្តរសភាតំបន់ និងពិភពលោក។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថាៈ រដ្ឋសភាប្រទេសទាំងពីរ ក៏តែងបានជំរុញ និងគាំទ្រ និងលើកទឹកចិត្តដល់បក្ស និងរដ្ឋាភិបាលរៀងៗខ្លួន ក្នុងកិច្ចសហការគ្នា កាន់តែជិតស្និទ្ធ និងស៊ីជម្រៅ ហើយសម្រេចបាននូវ សមិទ្ធផលធំៗជាច្រើន ជូនប្រជាជាតិ ទាំងសងខាង៕/V-PC