ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: អង្គការសម្រេចសុបិនកុមារកម្ពុជា (Cambodian Children’s Dream ) បានអះអាងថា ខ្លួននឹងបន្តធ្វើជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំលើវិស័យអប់រំនៅកម្ពុជា ជាពិសេសគឺនៅខេត្តភាគពាយ័ព្យនិងឧត្តរ។ នេះបើតាម លោក ម៉ាក ថូម៉ាសជេននី (Marc Thomss Jenni)សហស្ថាបនិកអង្គការ បានអោយដឹងក្នុងពិធីសម្ភោធអគារសិក្សា១ខ្នង នៅសាលាបឋមសិក្សាបន្ទាយមានឬទ្ធិឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២៥ខែតុលាឆ្នាំ២០២២។

នាឱកាសនោះ លោក ម៉ាក ថូម៉ាសជេននី និង លោករ៉ូឡែន ប្រែនលី (Mr Roland Braendli) ម្ចាស់ជំនួយនៃអង្គការសម្រេចសុបិនកុមារកម្ពុជា បានសម្តែងក្តីរីករាយដែលបានផ្តល់អគារសិក្សាធ្វើពីបេតុងប្រក់ក្បឿងនិងបង្គន់អនាម័យបន្ថែមទៀតដល់សាលាបឋមសិក្សាបន្ទាយមានឬទ្ធិនេះ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណជាថ្មីដល់សប្បុរសជនម្ចាស់ជំនួយនិងសហស្ថាបនិកអង្គការសម្រេចសុបិនកុមារកម្ពុជាដែលពិតជាបានចូលរួមចំណែកជួយអោយកុមារកម្ពុជាបានសម្រេចក្តីស្រមៃរបស់ពួកគេដូចជាបានអគារសិក្សានិងសម្ភារ:ក្នុងថ្នាក់ ,បានកន្លែងលាងដៃនិងបង្គន់អនាម័យជាដើម ដែលជាសេចក្តីត្រូវការក្នុងការលើកកម្ពស់អនាម័យ សុខភាពសិក្សានិងជម្រុញគុណភាពអប់រំ។

លោកអភិបាលខេត្តមានចិត្តសប្បាយរីករាយ ដែលបានដឹងនូវការអះអាងថា អង្គការនឹងបន្តឧបត្ថម្ភគាំទ្រដល់វិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យនិងខេត្តផ្សេងជាបន្តយូរអង្វែងបន្តទៀត។

លោកអ៊ុ រាត្រី បានបន្តថា ការសាងសង់អគារសិក្សាគឺជាការឆ្លើយតបនឹងគោលនយោបាយ យុទ្ធសាស្ត្ររបស់អប់រំ យុវជននិងកីឡាគឺ ទី១ សមធម៌នៃការចូលរៀន ទី២គុណភាពនិងប្រសិទ្ធភាពនៃសេវាអប់រំ ទី៣-ការកសាងសមត្ថភាពនិងការអភិវឌ្ឍន៍ស្ថាប័ន។ ដូច្នេះ ការផ្គត់ផ្គង់អគារសិក្សាដល់ទីកន្លែងជួបការលំបាកគឺបានជួយដល់ការការប្រមូលកុមារទាំងអស់ដោយមិនប្រកាន់វណ្ណ: ការរើសអើងព៌ណសម្បុរ និន្នាការនយោបាយ កុមារក្រីក្រ ពិសេសកុមារី កុមារងាយរងគ្រោះពីការរំលោភបំពានលើរាងកាយ ការប្រើអំពើហិង្សារនិងការជួយញដូរមនុស្សជាដើម។

លោកបានបន្តថា សាលារៀនដែលនៅក្បែរលំនៅឋានគីជាគោលដៅអាទិភាពទី១នៃការអប់រំជាតិ ធានាការចូលរៀនដោយសមធម៌និងកាត់បន្ថយអត្រាការបោះបង់ការសិក្សា ហេតុនេះ សូមអាណាព្យាបាល មាតាបិតាសិស្សត្រូវបញ្ជូនកូនចៅទៅរៀននៅសាលារៀនអោយបានគ្រប់ៗគ្នា៕/PC