ដោយៈសុផល/ភ្នំពេញ​៖មជ្ឈមណ្ឌល​បច្ចេកវិទ្យា AUPP និង​ក្រុមហ៊ុន LGMS BERHAD នា​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២​បាន​ប្រារព្ធ​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​ដែលមាន​គោលបំណង​ផ្តល់ឱកាស​ឱ្យ​និស្សិត​របស់ AUPP ទៅធ្វើ​កម្មសិក្សា​នៅ​ក្រុមហ៊ុន LGMS BERHAD ដើម្បី​បង្កើត​អ្នកជំនាញ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​ក្នុងប្រទេស​កម្ពុជា និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​ពិធី​ចុះហត្ថលេខា​នេះ បាន​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លឹម តារា​រិ​ទ្ធ នាយក​ប្រតិបត្តិ​នៃ AUPP Co., LTD និង​លោក Fong Choong Fook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន LGMS BERHAD ។​

​តាមរយៈ​អនុស្សរណៈ​នេះ នឹង​ផ្តល់ឱកាស​កម្មសិក្សា​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​សម្រាប់​និស្សិត AUPP ,​ផ្តល់ឱ្យ LGMS BERHAD មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​និង​អ្នកឯកទេស​ខាង​បច្ចេកវិទ្យា​ដែលមាន​ទេពកោសល្យ​ក្នុងប្រទេស​កម្ពុជា​,​បង្កើន​ជំនាញ​សន្តិសុខ​បច្ចេកវិទ្យា​សម្រាប់​វិស័យ​ឯកជន និង​វិស័យ​សាធា​រណៈ​និង​ជំរុញ​ប្រទេស​កម្ពុជា​ឱ្យ​បោះជំហាន​ទៅមុខ​ក្នុង​វិស័យ​សន្តិសុខ​បច្ចេកវិទ្យា និង​ឧត្តមភាព​បច្ចេកវិទ្យា​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​មជ្ឈមណ្ឌល​បច្ចេកវិទ្យា AUPP ដែលជា​ផ្នែក​មួយ​របស់​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្តល់នូវ​ទីតាំង​សម្រាប់​ការចាប់ផ្តើម​អាជីវកម្ម​ផ្នែក​បច្ចេកវិទ្យា សាជីវកម្ម និង​អ្នកជំនាញ​ដើម្បី​បង្កើត​គុណ​តម្លៃ និង​សក្តានុពល​។ មជ្ឈមណ្ឌល​បច្ចេកវិទ្យា AUPP នឹង​ផ្តល់​កន្លែង ធនធាន​និង​ការណែនាំ​សម្រាប់​ការចាប់​ផ្តើ​អាជីវកម្ម​បច្ចេកវិទ្យា​ដែល​ត្រូវបាន​ជ្រើសរើស​នៅក្នុង​ប្រទេស​កម្ពុជា​។ គោលដៅ​នៃ​មជ្ឈមណ្ឌល​នេះ​គឺ​ដើម្បីឱ្យ​យុវជន​កម្ពុជា​ឈានដល់​សមភាព​សកល និង​រួមចំណែក​ដល់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​។

​តាមរយៈ​មជ្ឈមណ្ឌល ATC ក្រុមហ៊ុន​បច្ចេកវិទ្យា​សាកល​នានា​នឹង​អាច​ចូល​ដំណើរការបាន​កាន់តែ​ប្រសើរឡើង​ចំពោះ​ការអភិវឌ្ឍ​ទេពកោសល្យ​បច្ចេកវិទ្យា​កម្ពុជា​និង​ទីផ្សារ​បច្ចេកវិទ្យា​កម្ពុជា​។ ជាងនេះទៅទៀត កម្ពុជា​នឹង​កសាង និង​ទទួលបាន​អ្នកជំនាញ​សន្តិសុខ​បច្ចេកវិទ្យា​ជាច្រើន​នៅក្នុង​ប្រទេស​របស់ខ្លួន​។​

​មជ្ឈមណ្ឌល​បច្ចេកវិទ្យា ATC ក៏​នឹង​ផ្តល់នូវ​ដំណោះស្រាយ​សិក្សា​រៀនសូត្រ និង​ការអភិវឌ្ឍន៍​លំដាប់​ពិភពលោក​ដល់​អ្នកជំនាញ និង​អ្នកផ្តល់​ការងារ​ក្នុងប្រទេស​កម្ពុជា​ដែល​ផ្តោតលើ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ផ្នែក​ឧស្សាហកម្ម​ជាក់លាក់ និង​គ្រប់គ្រង​សំខាន់ៗ​។ លើសពីនេះ មជ្ឈមណ្ឌល​បច្ចេកវិទ្យា ATC មាន​គោលបំណង​ផ្តល់នូវ​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ភាព​ដឹកនាំ ដើម្បី​បំពេញ​គម្លាត​ជំនាញ​ក្នុង​ដំណើរការ​រីកចម្រើន​នៃ​សាជីវកម្ម​នៅក្នុង​កម្ពុជា និង​ផ្តោតលើ​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេកទេស សាជីវកម្ម និង​ភាពជា​អ្នកដឹកនាំ​។​

​ក្រុមហ៊ុន LGMS BERHAD ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ 2005 បាន​កសាង​កេរ្តិ៍ឈ្មោះ​ខ្លួន​ដោយ​ភាព​សុចរិត​ភាព តម្លៃ​ខ្ពង់ខ្ពស់ និង​ការអនុវត្ត​ដ៏​ល្អ​បំផុត​។ LGMS BERHAD​ផ្តល់​សេវា​សន្តិសុខ​ប្រកបដោយ​វិជ្ជាជីវៈ​ដល់​អតិថិជន​ក្នុងស្រុក តំបន់ និង​អន្តរជាតិ​។ LGMS BERHAD​មាន​មោទនភាព​ជា​ក្រុមហ៊ុន​ដែលមាន​ការរក្សា​ភាព​អព្យាក្រឹត​តែមួយគត់​ដែលមាន​បទពិសោធន៍​ក្នុងនាម​ជា​អ្នកផ្តល់​សេវា​សន្តិសុខ​តាម​អ៊ីនធឺណិត ។ LGMS BERHAD មិន​លក់​ដំណោះស្រាយ​សុវត្ថិភាព សូ​ហ្វ​វែ​រ​ឬ​ហាដវែ​រដែ​លអាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​អតិថិជន​របស់ខ្លួន​ទេ​៕Ph