ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Drive) ៖ Toyota Highlander គឺ​ដូចជា​បបរ​ស្រូវ​សាលី​យ៉ាង​អ៊ីចឹង​។ វា​ទាក់ទាញ​មនុស្ស​រាប់លាន​នាក់ វា​មាន​តម្លៃ​សមរម្យ​ហើយ​គ្រួសារ​អាម៉េរិក​រាប់​មិន​អស់​ទេ​ដែល​មាន​វា​។ ប៉ុន្តែ​ដូច​អ្វីៗ​ផ្សេង​ទៀត​ដែរ​ដែល​ត្រូវ​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​រថយន្ត​ប្រភេទ SUV ខ្នាត​មធ្យម វា​ត្រូវការ​ការធ្វើ​បច្ចុប្បន្ន​ភាព​ជា​ប្រចាំ​ដើម្បី​រក្សា​ការប្រកួតប្រជែង​។ សម្រាប់ Toyota Highlander ស៊េរី​ឆ្នាំ ២០២៣ ក្រុមហ៊ុន Toyota បាន​ព្យាយាម​បន្ថែម​ផ្លែឈើ​និង​ទឹកឃ្មុំ​ទៅលើ​បបរ​ស្រូវ​សាលី ដោយ​ផ្តល់ឱ្យ​វា​នូវ​ម៉ាស៊ីន Turbocharged ថ្មី​។​ហើយ​ខណៈ​ដែល​វា​ជួយ​បន្ថែម​រសជាតិ ក៏​រសជាតិ​ដើម​នៅតែ​មិន​ផ្លាស់ប្តូរ​ច្រើន​នោះដែរ​។ ដោយហេតុ​ថា រថយន្ត Highlander ជា​រថយន្ត​លក់ដាច់​ខ្លាំង​របស់ Toyota ពួកគេ​បាន​ផ្តោត​ខ្លាំង​គឺ​លើ​ការ​រចនា​។​

​មុនពេល​ធ្វើ​បច្ចុប្បន្នភាព​លើ​ម៉ាស៊ីន​ថ្មី​នេះ រថយន្ត Highlander មិនមែន​កូនកាត់​បាន​ប្រើ​ម៉ាស៊ីន V6 ចំណុះ ៣,៥ លីត្រ​ធម្មតា​របស់ Toyota ។ វា​ជា​ម៉ាស៊ីន​ល្អ ដែល​ដំណើរការ​បាន​ល្អ​ក្នុង​រថយន្ត​ដូចជា Toyota Camry ប៉ុន្តែ​វា​តែងតែ​ពិបាក​បន្តិច​ក្នុង​រថយន្ត Highlander ដែល​ធ្ងន់​ជាង​។ ដោយសារតែ​រឿង​នេះ​ហើយ​ទើប​ការ​ស៊ី​ប្រេងឥន្ធនៈ​និង​ការបំភាយ​ឧស្ម័ន​ទាំងមូល​របស់​វា​តែងតែ​រងគ្រោះ​។ ដូច្នេះ Toyota បាន​សម្រេចចិត្ត​ផ្តល់ឱ្យ​វា​នូវ​ម៉ាស៊ីន Turbocharged ២,៤ លីត្រ ៤ ស៊ី​ឡាំង ដើម្បី​ជួយ​កែលម្អ​ចំណុច​ទាំងពីរ​នេះ​។​

​ពិតណាស់ ម៉ាស៊ីន​ថ្មី​ធ្វើ​ការងារ​បាន​ល្អ​លើ​ការ​សន្សំសំចៃ​ប្រេង​និង​ការបំភាយ​ឧស្ម័ន​តិច​ជាង​មុន​។ ហើយ​ទោះបីជា​អារម្មណ៍​បើកបរ​មិន​ខុស​អី​ពី​រថយន្ត​ម៉ាស៊ីន​ស៊េរី​ចាស់ក្តី ក៏​ប៉ុន្តែ​អ្នក​ទិញ Highlander ភាគច្រើន​គួរតែ​សប្បាយចិត្ត​ចំពោះ​ការ​ស៊ីសាំង​តិច​ជាង​មុន​។​

​លក្ខណៈពិសេស​របស់រ​ថយ​ន្ត Toyota Highlander ២០២៣ ៖

– តម្លៃ​មូលដ្ឋាន (XSE AWD ដូចដែល​បាន​បើក​សាកល្បង​) ៖ ៤៨.៦១៨ ដុល្លារ​
– ម៉ាស៊ីន ៖ Turbocharged ២,៤ លីត្រ ៤ ស៊ី​ឡាំង | ៨ ល្បឿន​ស្វ័យប្រវត្តិ | កង់​វិល​ទាំងអស់​
– កម្លាំង​សេះ ៖ ២៦៥ សេះ @ ៦.០០០ rpm
– កម្លាំង​បង្វិល​ជុំ ៖ ៣១០ lb-ft @ ១.៧០០ rpm
– ទម្ងន់ ៖ ២,២១ តោន​
– កន្លែង​អង្គុយ ៖ ៦ (​ជម្រើស​អាច​មាន​ដល់ ៧ កៅអី​)
– សមត្ថភាព​សណ្តោង ៖ ២,៥ តោន​
– បរិមាណ​ផ្ទុកទំនិញ ៖ ០,៤៥ ម៉ែត្រគូប​
– ការ​ស៊ីប្រេង ៖ ៨,៩ លីត្រ​ក្នុង​ទីក្រុង | ១១,៩ ផ្លូវ​ហាយវ៉េ | សរុប​ជា​រួម​ស៊ី ១០ លីត្រ​ក្នុង​១០០​គីឡូម៉ែត្រ​
– ចំណុច​កត់សម្គាល់ ៖ ម៉ាស៊ីន​ថ្មី​ជួយ​បាន​ច្រើន​ជាង​មុន ប៉ុន្តែ​នៅ​មាន​ម៉ាស៊ីន​ជម្រើស​ល្អ​និង​គួរឱ្យ​ចាប់អារម្មណ៍​ជាង​វា​ច្រើនណាស់​។​
– ពិន្ទុ​៖ ៧/១០៕