ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គណបក្សខ្មែររួបរួមជាតិ​នឹងធ្វេីសមាជវិសាមញ្ញ ស្តីពីការបញ្ចូលគ្នា រវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម​ឲ្យទៅជា គណបក្សតែមួយ​ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣០​ ខែតុលា ឆ្នាំ២០២២​ ដេីម្បីជាការត្រៀម លក្ខណៈចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រេីសតាំង តំណាងរាស្ត្រ​ នីតិកាលទី៧​ ឆ្នាំ២០២៣​ ខាងមុខនេះ។

ការធ្វេីសមាជ ច្របាច់បញ្ចូលគ្នា រវាងគណបក្សទាំងពីរ​គឺយោងតាមកិច្ចព្រមព្រៀង ស្តីពីការរួបរួមគ្នា រវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម កាលពីថ្ងៃទី១០​ ខែតុលា ឆ្នាំ២០២២។

មន្ត្រីជាន់ខ្ពស់គណបក្សខ្មែររួបរួមជាតិ​ បានប្រាប់រស្មីកម្ពុជាថាៈ​ នៅក្នុងសមាជវិសាមញ្ញ ក៏នឹងមានការមកចូលរួម របស់ថ្នាក់ដឹកនាំ គណបក្សនយោបាយ មួយចំនួនផងដែរ។

ប្រភពបានបន្តថាៈ អង្គសមាជ នឹងជ្រេីសតាំងអនុប្រធានគណបក្ស​អនុម័តសចក្តីព្រាង វិសោធនកម្មលក្ខន្តិកៈគណបក្ស​ គោលនយោបាយគណបក្ស​ ជ្រេីសតាំងបន្ថែម សមាជិកក្រុមប្រឹក្សាជាតិ សមាជិកគណៈកម្មការនាយក​ នឹងទិសដៅអនុវត្តបន្ត។

សូមជម្រាបថា​ កាលពីថ្ងៃទី១០ ខែតុលា​ ឆ្នាំ២០២២​ ថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម រួមទាំងមន្ត្រីជាន់ខ្ពស់ នៃគណបក្សទាំងពីរ ជួបពិភាក្សាគ្នា ដើម្បីស្វែងរកការសម្រេចរួម ឈានទៅបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ។ ជំនួបនេះ គឺរវាងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ជាមួយលោកយ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម។

ក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម និងលើកកម្ពស់ប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ដើម្បីផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តម សម្រាប់ប្រទេស ជាតិ និងប្រជាជាតិខ្មែរ តាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបពិភាក្សាគ្នា ស្តីពីការរួបរួមគ្នា ដើម្បីបង្កើតប៉ូល នយោបាយប្រជាធិបតេយ្យសេរីថ្មី ដោយមានសមាស ភាពចូលរួមចម្រុះពី និស្សិត បញ្ញវន្ត យុវជន ស្រ្តី អ្នកតស៊ូដើម្បី បុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម ក្នុងការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែង ការបោះឆ្នោត ជាតិ ឆ្នាំ២០២៣ ខាងមុខ។

បើយោងតាមលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ អាណត្តិទី៥ ដែលប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថាៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន សំឡេងសរុបចំនួន ៦៣.៨៦៨ សំឡេង ស្មើនឹង ០,៨៨% និងទទួលបានអាសនៈ ចំនួន ១៣ អាសនៈ , ជំទប់ទី១ ចំនួន ១ និងជំទប់ទី២ ចំនួន ១០ ។ ចំណែកគណបក្សកម្ពុជានិយម ទទួលបានសំឡេង សរុបចំនួន ៤.៨៥៦ សំឡេង ស្មើនឹង ០,០៧% និងទទួលបានអាសនៈចំនួន ១ អាសនៈ , ជំទប់ទី២ ចំនួន ១៕/V-PC