ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអង្គការដៃគូ អភិវឌ្ឍន៍ សង្ឃឹមយ៉ាងមុតមាំថា សារពីទិវាពិភពលោកលាងដៃស្អាត ២០២២​ ក្រោមប្រធានបទ៖ ” រួបរួមគ្នាអនាម័យជាសាកល ” នឹងជួយជុំរុញបន្ថែមទៀត ក្នុងការកាត់បន្ថយ នូវអត្រាជំងឺឆ្លងផ្សេងៗ ពិសេសអត្រាមរណៈកុមារ ទាក់ទងនឹងជំងឺរាករូស ជំងឺរលាកផ្លូវដង្ហើម ជំងឺកូវីដ-១៩ បញ្ហាកង្វះអាហារូបត្ថម្ភ ដែលតែងតែកើតមានឡើងលើកុមារ។

លោក ឈួ ប៊ូនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រារព្ធទិវាពិភពលោកលាងដៃស្អាត​ ២០២២​ ធ្វើនៅសាលា​បឋមសិក្សា​ សង់ប្រាសាទ ស្ថិតនៅ​ភូមិភ្នំតូ ឃុំភ្នំតូច ស្រុកមង្គលបូរី​នាថ្ងៃទី២៦ ខែតុលា បានមាន ប្រសាសន៍ថា: ទាំងជំនាញអប់រំ ជំនាញសុខាភិបាល ទាំងអាជ្ញាធរដែនដី និងអង្គការ ការីតាស ស្វីស ក៏ដូចជា ផ្នែកពាក់ព័ន្ធបានយល់ថា វិធីអនុវត្តងាយៗ ដែលអាចទប់ស្កាត់ កាត់បន្ថយបញ្ហាខាងលើ គឺ ” លាងដៃសម្អាតនឹសាប៊ូ ” ឱ្យបានត្រឹមត្រូវ ជាប់ជាប្រចាំ។ ដូចជា នៅពេលមុនពេលបរិភោគចំណី , បន្ទាប់ពីកាន់របស់កខ្វក់ និងក្រោយពីចេញពី បន្ទោរបង់ជាដើម ។

លោក អ៊ឹម រឹទ្ធី តំណាងអង្គការការីតាស ស្វីស ដែលសហការរៀបចំ គាំទ្រការប្រារព្ធទិវា នេះ ជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានថ្លែងថាៈ មានកិច្ចសហការគាំទ្រដោយ អង្គការពាក់ព័ន្ធមួយចំនួន ដូចជា អង្គការស្មាតកម្ពុជា, មជ្ឈមណ្ឌលបណ្តុះបណ្តាល អាស៊ីភាគអគ្នេយ៍-កម្ពុជា អង្គការស៊ីដូ , អង្គការសាម៉ារីតាន់ ភឺស, អង្គការកុមារមេគង្គ , អង្គការតំណក់ទឹក,អង្គការហ្គូដណេបឺស និងក្រុមហ៊ុន RWST ដែលបានបញ្ជ្រាប ពីសារ:សំខាន់នៃការលាងដៃ ពិសេសការសម្អាតដៃ ដោយសាប៊ូ និងបំផុសឱ្យផ្លាស់ ប្តួរឥរិយាបថមួយ ចាប់ពីស្ថាប័នថ្នាក់ជាតិ ដល់កម្រិតអ្នកអនុវត្ត នៅតាមសហគមន៍ ។

លោក អ៊ឹម រឹទ្ធី បានបន្តថាៈ ការលាងសម្អាតដៃ ជាសកម្មភាពចម្បងមួយ ក្នុងចំណោម សមាសភាគទាំង៦ របស់គម្រោង កម្ពុជាឆ្ពោះទៅសាលាបៃតង របស់អង្គការការីតាស ស្វីស ដែលបាននឹងកំពុងអនុវត្ត នៅសាលាគោលដៅ ចំនួន ៤៥ សាលា ក្នុងខេត្តបន្ទាយមានជ័យ។ នោះគឺ សមាសភាគទី២ អនាម័យ និងអនាម័យខ្លួនប្រាណ។ ឯសមាសភាគទី១ គឺទឹកសម្រាប់ការទទួលទានរបស់ខ្ញុំ ។ សមាសភាគទី៣ ការលូតលាស់ និងការប្រែប្រួល។ សមាសភាគទី៤ ពីសំណល់ក្លាយជាធនធាន ។ សមាសភាគទី៥ ពីដីក្លាយទៅជាអាហារ និងទី៦ បរិស្ថានជុំវិញខ្ញុំ ។ល។

លោក សេង សារ៉ាត់ នាយកសាលាបឋមសិក្សា សង់ប្រាសាទ បានមានប្រសាសន៍ថាៈ សាលានេះ បានទទួលអនុវត្តសាលាបៃតង។ ដោយមានការសំណូមពរ ឬអំពាវនាវពី គណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក៏ទទួលបានការឆ្លើយតប ជាបន្ត បន្ទាប់ ក្នុងការអភិវឌ្ឍន៍សាលា ឱ្យមានការរីកចម្រើនឡើង លើគម្រោងសាលាបៃតង។

លោកនាយក បានប្តេជ្ញាចិត្តថា នឹងបន្តគៀរគរសប្បុរសជន ជួយអភិវឌ្ឍន៍សាលា ធ្វើឱ្យ បរិស្ថានសាលា មានពណ៌បៃតង មានផ្កាចម្រុះ, ការគ្រប់គ្រងសំរាម និងជំរុញលើកកម្ពស់ គុណភាពអប់រំ តាមរយៈការរៀន និងបង្រៀន ។

នាឱកាសនោះ លោកស្រី រស់ សុផានី​អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ការអប់រំពីអនាម័យជាប្រចាំ នៅតាមសាលារៀន បានជុំរុញ ធ្វើឱ្យកុមារ មានការផ្លាស់ប្តូរ ទៅរករបៀប នៃការរស់នៅ យ៉ាងល្អប្រសើរ នៅតាមគ្រួសារ នាពេលអនាគត។

ក្នុងនាម រដ្ឋបាលខេត្ត លោកស្រី រស់ សុផានី បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច និងអង្គការដៃគូអភិវឌ្ឍន៍ បន្តជួយជំរុញការបំពាក់សម្ភារៈរូបវ័ន្ដ ផ្នែកអនាម័យ ដូចជាបង្គន់ កន្លែងលាងសម្អាតដៃ និងប្រព័ន្ធទឹកស្អាត ឱ្យបានគ្រប់សាលារៀន និងចាត់តាំងឱ្យ សិស្សានុសិស្ស អនុវត្តការលាងសម្អាតដៃ រាល់វេនសិក្សា និងឱ្យមាតាបិតាសិស្ស ជួយជំរុញទម្លាប់នេះ នៅក្នុងគ្រួសារ ៕/V