ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ បុគ្គលិក​ជួយសង្គ្រោះ​នៅ​ថ្ងៃ​ពុធ​ទី​២៦​តុលា​នេះ​បាន​រកឃើញ​សាកសព​សមាជិក​ទូក​បួន​នាក់​ដែល​បាត់​ខ្លួន ដោយ​នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​ពី​ព្យុះ​ស៊ី​ត្រាង​(Sitrang)​កើន​ដល់​២៨​នាក់ នៅពេល​មនុស្ស​រាប់លាន​នាក់​នៅ​គ្មាន​ចរន្តអគ្គិសនី​ប្រើ​ក្រោយ​ពី​ព្យុះ​វាយប្រហារ​កាលពី​យប់​ថ្ងៃ​ចន្ទ​។​

​ព្យុះ​ស៊ីក្លូន​នេះ ដែល​មាន​កំលាំង​ស្មើនឹង​ព្យុះសង្ឃរា​ហឺ​រី​ខេន​នៅ​មហាសមុទ្រអា​ត្លង់​ទិច ឬ​ព្យុះ​ទី​ហ្វុងនៅ​ប៉ាស៊ីហ្វិក តែង​បង្ក​ទុក្ខវេទនា​នៅក្នុង​តំបន់​នេះ តែ​អ្នកវិទ្យាសាស្ត្រ​និយាយ​ថា​ការប្រែប្រួល​អាកាសធាតុ​ទំនងជា​​ធ្វើអោយ​វា​កើតមាន​កាន់តែ​ញឹកញាប់​និង​កំលាំង​ខ្លាំង​ឡើង​។​

​ព្យុះ​ស៊ីក្លូន​ស៊ី​ត្រាង​បាន​ធ្វើដំណើរ​មក​ដល់​បង់ក្លា​ដែស​ខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ តែ​អាជ្ញាធរ​បាន​ជម្លៀស​មនុស្ស​ប្រមាណ​មួយ​លាន​នាក់​ជា​មុន​រួចជាស្រេច​។​

​ជាមួយនឹង​ល្បឿន​ខ្យល់​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង វា​បង្ក​មហន្តរាយ​នៅក្នុង​តំបន់​ទំនាប​តាម​ឆ្នេរ​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​របស់​ប្រទេស​។​រដ្ឋាភិបាល​បាន​និយាយថា ផ្ទះ​ដំបូល​ស័ង្កសី​ជិត​១០.០០០​បាន​​ខូចខាត ផលដំណាំ​រាប់ពាន់​ហិច​តា​ត្រូវ​បំផ្លាញ​ចំ​ពេល​ប្រទេស​ជួប​អតិផរណា​ខ្ពស់បំផុត​។​

​មនុស្ស​ជិត​ប្រាំ​លាន​នាក់​នៅ​គ្មាន​អគ្គិសនី​ប្រើ​កាលពី​ថ្ងៃ​ពុធ ហើយ​មនុស្ស​ប្រមាណ​មួយ​លាន​នាក់​ដែល​ត្រូវ​បាន​ជម្លៀស​ចេញពី​តំបន់​ទំនាប​ឥឡូវ​បាន​វិល​ទៅកាន់​ផ្ទះសម្បែង​វិញ​ហើយ​៕

​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បាន​វាយប្រហារ​ប្រទេស​អាស៊ី​ខាងត្បូង​នេះ​ភាគច្រើន​ដោយ​ទីក្រុង​ជាច្រើន​រួមមាន ដា​ក្កា​(Dhaka) ឃូល​ណា​(Khulna)​និង​បារី​សាល​(Barisal)​ត្រូវ​ជន់​លិច​កាលពី​ថ្ងៃ​ចន្ទ​។​ព្យុះ​​ក៏​បាន​រំលំ​ដើមឈើ​ជាច្រើននៅ​ទីក្រុង​ដា​ក្កា នៅ​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ពី​ស្នូល​ព្យុះ​