ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនលោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាតលើស្ត្រីម្នាក់ ជេរប្រមាថ និងហិង្សាដោយចេតនា។ ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីជនសង្ស័យរូបនេះ បានរត់គេចខ្លួនពីខេត្តសៀមរាប មកសម្ងំលាក់ខ្លួននៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នេះ។

បន្ទាប់ពីចាប់ខ្លួនកម្លាំងកងរាជអាវុធហត្ថបានបញ្ជូនខ្លួននាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម ដើម្បីរៀបចំនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម។
ប្រភពច្បាស់ការណ៍បានឱ្យដឹងថា សំណុំរឿងនេះ កើតឡើងនៅខេត្តសៀមរាប ប៉ុន្តែបានផ្ទេរសមត្ថកិច្ចទៅឲ្យតុលាការខេត្តកំពង់ចាម ក្នុងការអនុវត្តដីកាចាប់ខ្លួនលោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាបពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត។ ការផ្ទេរសមត្ថកិច្ចនេះ ដោយសារតែខ្លាចមានគំនាប ឬការអន្តរាគមន៍ណាមួយក្នុងរឿងនេះ។
គួរបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់លោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ចំនួន៣បទល្មើស ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាតលើស្ត្រីម្នាក់ នឹងបានបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។ ការសម្រេចចោទប្រកាន់ បានធ្វើឡើងបន្ទាប់ពីលោក សោម សមស័ក្តិ មិនបានចូលខ្លួនឆ្លើយបំភ្លឺចំនួនពីរដោយបានពន្យាពេល។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតុលាការនៅតែបន្តនីតិវិធីរបស់ខ្លួន។
ទាក់ទងករណីនេះ ស្ត្រីរងគ្រោះឈ្មោះ ផាត់ សុជឿន បានដាក់ពាក្យបណ្តឹងប្តឹងលោក សោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ទៅសាលាដំបូងខេត្តសៀមរាប ពីបទជេរប្រមាថជាសាធារណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញដីកាកោះហៅលោក សោម សមសក្តិ ឲ្យចូលខ្លួនទៅបំភ្លឺនៅតុលាការចំនួន២ដងរួចមកហើយ តែលោកសោម សមសក្តិ មិនបានចូលទៅតាមដីកាទេ ដោយដាក់ពាក្យសុំពន្យា ។
ស្ត្រីរងគ្រោះបានអះអាងថា នៅមុនពេលកើតហេតុពួកគាត់មានគ្នា៨ទៅ៩ នាក់ញាំអាហារនៅផ្សារទំនើប អាស៊ី ត្រង់ចំណុចក្រោយព្រះអង្គចេកព្រះអង្គចម ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប។ លុះពេលចេញមក ដល់ខាងមុខ វេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២ ឈ្មោះ ស័ក្ត ដែលជាជនដៃដល់បានវាយសង្កត់ក្បាលលោកម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម ដែលរួមដំណើរជាមួយគាត់(ស្ត្រីរងគ្រោះ)ជាច្រើនដង។ ខណ:នោះរូបគាត់(ជនរងគ្រោះ)បាននិយាយថា មេចក៏វាយក្បាលគាត់ចឹង គាត់ចាស់ជាង វាយរបៀបហ្នឹងមិនសមទេ។ ភ្លាមនោះជនដៃដល់បានជេរប្រមាថទៅលើរូបគាត់ ហើយវាយមកលើផ្ទៃមុខផ្នែកក្បាលរបស់គាត់១ដៃនិងបន្តជេរប្រមាថរហូតផ្អើលដល់សមត្ថកិច្ចមកជួយអន្តរាគមន៍។
ស្ត្រីរងគ្រោះបន្តថា ពេលក្រុមសមត្ថកិច្ចមកដល់កន្លែងកើតហេតុ ជនដៃដល់បានបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ចេញមួយសន្ទុះ ហើយបើកត្រឡប់មកបំបុករូបគាត់ បំណងសម្លាប់។ ប៉ុន្តែសំណាង ដោយសាម៉ូតូរបស់ប៉ូលិសនៅបាំងពីមុខ ទើបបុកត្រូវម៉ូតូរបស់ប៉ូលិបណ្តាលអោយដួលខ្ទេច ហើយដួលសង្កត់ជើងរបស់គាត់បណ្តាលអោយរងរបួសស្រាល ទើបជនបង្កបើករថយន្តគេចខ្លួនតែម្តង។
ស្ត្រីរងគ្រោះ បញ្ជាក់ថា រវាងរូបគាត់ និងជនបង្កពុំដែលស្គាល់គ្នាសោះឡើយ ប៉ុន្តែជនរូបនេះ បែជាមកប៉ុនប៉ងធ្វើឃាតលើរូបគាត់ទៅវិញ អីចឹងហើយទើបសម្រេចដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកយុត្តិធម៍។ចំណែកពាក្យបណ្តឹងដែលប្តឹងនៅដំណាក់កាលប៉ូលិស រូបគាត់មិនទាន់ទាមទារសំណងទេ គឺសុំអោយតែអនុវត្តទៅតាមច្បាប់៕សរន