​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ យោង​តាម​សេត​វិមាន​បានឱ្យដឹងថា ក្នុង​កិច្ចពិភាក្សា​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​តុលា ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន និង​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រ​​ភព​អង់គ្លេស លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) បាន​ព្រមព្រៀង​ធ្វើការ​រួមគ្នា​ដើម្បី​គាំទ្រ​អ៊ុ​យក្រែន និង​ក្រោកឈរឡើង​ទប់ទល់​នឹង​ចិន​។​

​ពួកគេ​បាន​និយាយ​គ្នា​ជា​លើកដំបូង គឺ​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លោក​ស៊ូ​ណា​ក់​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​បី​របស់​ចក្រភពអ​ង់​គ្លេស​នៅ​ឆ្នាំ​នេះ​ដោយ​ស្នង​មរតក​វិបត្តិ​សេដ្ឋកិច្ច​បន្ទាប់ពី​ការ​លា​​លែង​របស់​លោកស្រី​លី​ស ត្រាស បន្ទាប់​ពី​កាន់តំណែង​នាយករដ្ឋមន្ត្រី​បានត្រឹមតែ ៤៥ ថ្ងៃ​។​

​មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​អះអាង​សា​ជា​ថ្មី​អំពី “​ទំនាក់ទំនង​ពិសេស​” ដែល​មាន​រវាង​សហរដ្ឋ​អាម៉េរិក​និង​អង់គ្លេស​ផងដែរ​។​

​សេត​វិមាន​បាន​អាន​ការសន្ទនា​នេះ​ថា ពួកគេ​បាន​និយាយថា​ពួកគេ​នឹង​ធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​សន្តិសុខ​និង​វិបុលភាព​ពិភពលោក​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយ​អំពី​ការឈ្លានពាន​របស់​រុស្ស៊ី យ៉ាង​ដូច្នេះ​ថា “​មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​លើ​សារៈសំខាន់​នៃ​ការ​ធ្វើការ​រួមគ្នា​ដើម្បី​គាំទ្រ​អ៊ុយ​ក្រែ​ន​និង​ចាប់​រុស្ស៊ី​ឱ្យ​ទទួលខុសត្រូវ​ចំពោះ​​ការឈ្លានពាន​របស់ខ្លួន​”​។​

​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបា​លអង់​គ្លេ​ស​បាន​និយាយថា លោក​ស៊ូ​ណា​ក់​បាន​សន្យា​ដល់​ប្រធានាធិបតី​អ៊ុ​យក្រែន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី អំពី​ការគាំទ្រ​របស់​អង់គ្លេស “​រឹងមាំ​ដូច​ពីមុន​”​។​

​សេត​វិមាន​និយាយថា លោកបៃ​ដិ​ន​និង​លោក​ស៊ូ​ណាក់ក៏​យល់ព្រម​ដោះស្រាយ​បញ្ហា​ប្រឈម​បង្កឡើង​ដោយ​ចិន​ផងដែរ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំណត់ថា​ជា​គូប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​​និង​សេដ្ឋកិច្ច​កំពូល​របស់​ខ្លួន​នៅ​លើ​ឆាក​ពិភពលោក​សព្វថ្ងៃ​៕

លោកបៃ​ដិន ទូរស័ព្ទ​ទាក់ទង លោក​ស៊ូ​ណាក់​ភ្លាម​ក្រោយ​លោក​ក្លាយជា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​កាលពី​ថ្ងៃ​អង្គារ​