ដោយៈ គង់ហេង / កំពង់ចាម៖ លទ្ធផលដំណើរការជួសជុលផ្លូវ ប្រភេទ DBST (ឌីប៊ីអេសធី) ចម្ងាយជាង ១៣ គីឡូម៉ែត្រ ក្នុងភូមិសាស្រ្តឃុំត្រប់ ស្រុកបាធាយ អនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទនោះ បច្ចុប្បន្ន សម្រេចបានប្រមាណ ៦០ ភាគរយ ។ នេះបើយោងតាមការចុះត្រួតពិនិត្យវាយតម្លៃ របស់ក្រុមការងារ ដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ តុលា នេះ។

លោក នន សុខនី ប្រធានអង្គភាពលទ្ធកម្ម សាលាខេត្តកំពង់ចាម ដែលអមដំណើរ នៃការចុះត្រួតពិនិត្យ វាយតម្លៃផ្លូវខាងលើ បានឱ្យដឹងថាៈ ការជួសជុលផ្លូវប្រភេទ DBST ប្រវែង ១៣.៥៧១ ម៉ែត្រ ដែលមានទំហំទទឹង ប្រាំបី ម៉ែត្រ ឆ្លងកាត់ភូមិថ្កូវ ភូមិថ្មកែវ ភូមិចាន់កង និងភូមិរោធ ស្ថិតក្នុងឃុំត្រប់ ស្រុកបាធាយ មកដល់ពេលនេះ សម្រេចបាន ប្រមាណ ៦០ ភាគរយ។

លោកប្រធានអង្គភាពលទ្ធកម្ម រូបនេះ បានបន្តថាៈ គម្រោងជួសជុលផ្លូវនេះ គឺអនុវត្តដោយ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចាប់ផ្តើមដំណើរការជួសជុលអនុវត្ត កាលពីកំឡុង ខែកក្កដា ឆ្នាំ២០២២ នេះ ហើយគ្រោងនឹងបញ្ចប់ការអនុវត្តគម្រោងនេះ នៅក្នុងរង្វង់ ចុងឆ្នាំនេះ៕/V