ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២.លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គ្រឿងឧបភោគបរិភោគ ចែកជូន ប្រជាពលរដ្ឋ ចំនួន ៦៣០ គ្រួសារ ដែលរងគ្រោះទឹកជំនន់ និងរស់នៅលើទីទួលសុវត្ថិភាព ហើយត្រឡប់ទៅលំនៅឋានវិញ ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក អ៊ុំ រាត្រី បានផ្ដាំផ្ញើការសួរសុខទុក្ខ ពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋ មិនទុកឱ្យបងប្អូន ប្រជាពលរដ្ឋលំបាកឡើយ។ លោកក៏បានណែនាំដល់ ប្រជាពលរដ្ឋ សូមបន្តប្រុងប្រយ័ត្ន ខ្ពស់ ចំពោះក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឲ្យបានល្អ ដើម្បីចៀសផុតពី ការលង់ទឹក ក៏ដូចជា ការការពារពីសត្វអសិរពិស ខាំ ឬទិច ជាដើម។ ហើយក៏សូមជូនពរ ពុកម៉ែ បងប្អូន ថែរក្សាសុខភាព មានអ្វីកើតឡើងជាយថាហេតុ សូមរាយការណ៍ ជូនអាជ្ញាធរ កងកម្លាំង៕/V