ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២​នេះ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ​លើ​ការគ្រប់គ្រង​អាជីវកម្ម​បញ្ចាំ និង​ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បីអោយ​កុងស៊ីបញ្ចាំ​ធ្វើ​អាជីវកម្ម​ដោយ​ស្របច្បាប់ មិន​បង្ក​បទល្មើស ការពារ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​និង​រក​ចំណូល​ជូន​ជាតិ​បាន​ថែមទៀត​។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ​បានធ្វើ​ឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អគ្គនាយក​នៃ​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​, ប្រធាន​សមាគម​អ្នកទទួល​បញ្ចាំ និង​ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន​កម្ពុជា​និង​គណៈប្រតិភូ​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​ផងដែរ​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា​៖ កិច្ចប្រជុំ​ពិភាក្សា​នេះ​ធ្វើឡើង ដើម្បី​ស្វែងរក​ធាតុ​ចូល​មួយ យកមកអនុវត្ត​អោយបាន​ល្អ ទាំង​អ្នកបើក​អា​ជីក​ម្ម​បញ្ចាំ និង​អ្នកយក​ទ្រព្យ​ទៅ​បញ្ចាំ ។ លោក​បន្តថា ជាទូទៅ អាជ្ញាធរ កម្លាំង​មាន​សមត្ថកិច្ច​ត្រូវការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ ។ កុងស៊ីបញ្ចាំ​ដែល​មិនមាន​ច្បាប់ បង្ក​បទល្មើស ត្រូវតែមាន​ទោសទណ្ឌ​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនបាន​ហាមឃាត់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការបើក​អាជីវកម្ម​កុងស៊ីបញ្ចាំ​នោះទេ តែ​កុងស៊ីបញ្ចាំ​នោះ​ត្រូវតែ មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បន្តទៀតថា កុងស៊ីបញ្ចាំ​នេះ មាន​២ ៖​ទី​១ កុងស៊ីបញ្ចាំ​ស្របច្បាប់ វា​បាន​បំរើ​ផលប្រយោជន៍​អោយ​ប្រជាពលរដ្ឋ ខណៈដែល​ប្រជាពលរដ្ឋ​មាន​បញ្ហា​អ្វីមួយ ហើយ​យក​ទ្រព្យ​របស់​ពួកគាត់​ទៅ​បញ្ចាំ​ដើម្បី​ដោះស្រាយ ។ ទី​២ កុងស៊ីបញ្ចាំ​មិន​ស្របច្បាប់ វា​បាន​បង្ក​ហានិភ័យ​សម្រាប់​ប្រជាពលរដ្ឋ ដោយ​វា​បាន​បង្កអោយមាន​បទល្មើស​លួច​ឆក់​ប្លន់​។​ដូច្នេះ​ការងារ​នេះ​យើង​ត្រូវ​រៀបចំ​អោយបាន​ល្អ ដើម្បី​បំរើ​ផលប្រយោជន៍​ទាំងសងខាង ពោលគឺ​បាន​ប្រយោជន៍​ទាំង​កុងស៊ីបញ្ចាំ​និង​អ្នកយក​ទ្រព្យ​ទៅ​បញ្ចាំ និង​បាន​រក​ចំណូល​ចូល​រដ្ឋ​ថែមទៀត​។

ជាក់ស្តែង​សម្រាប់​ពេលនេះ ពោលគឺ​ក្រោយពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ អនុវត្តតាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក្នុងការ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​និង​កុងស៊ីបញ្ចាំ​ខុសច្បាប់ ជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​រាជធានី​ភ្នំពេញ ឃើញថា បទល្មើស​លួច​ឆក់ ប្លន់ ធាក់​យក​ម៉ូតូ បាន​ស្ងប់ស្ងាត់ ដែល​ការងារ​នេះ​ត្រូវតែ​បន្ត​អនុវត្ត​អោយ​កាន់តែ​ល្អប្រសើរ​ថែមទៀត​៕​