លោក ស សុខា ថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាត ចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី

ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ លោក ស សុខា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជន គ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានចេញញត្តិថ្កោលទោស យ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាត ចំពោះជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ដែលបានប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុត លើព្រះចេស្តា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ។ នេះបើយោងតាមញត្តិថ្កោលទោស របស់លោក ស សុខា ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដែលបាន​ផ្សព្វផ្សាយ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នេះ។

មូលហេតុដែលឈានទៅដល់ការចេញញត្តិថ្កោលទោស សម រង្ស៊ី នេះ គឺដោយសារតែថ្មីៗនេះ លោក សម រង្ស៊ី បាននិយាយថាៈ “ស្តេចស្រុកខ្មែរ គ្មានមនសិការជាតិសូម្បីតែបន្តិច” ។

ក្នុងញត្តិថ្កោលទោស លោក ស សុខា បានលើកឡើងថាៈ សំដីដ៏អាក្រក់ជូជាតិ របស់លោក សម រង្ស៊ី គឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុត ចំពោះព្រះមហាក្សត្រ ដែលព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និរន្តរភាពជាតិ និងជាការរំលោភ ទៅនឹងមាត្រា៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា “អង្គព្រះមហាក្សត្រ មិនអាចនរណា រំលោភបំពានបានឡើយ” ។

លោក ស សុខា បានលើកឡើងដែរថាៈ ក្នុងនាម ជាប្រជាពលរដ្ឋខ្មែរ យើងទាំងអស់គ្នា ពិតជាមិនអាចទទួលយកបាន ជាដាច់ខាតចំពោះការប្រមាថរបស់លោក សម រង្ស៊ី មកលើអង្គព្រះមហាក្សត្ររបស់យើង ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានឡើយ ។ ការប្រមាថ ដោយចោទប្រកាន់ទៅលើអង្គព្រះមហាក្សត្រ ដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិ ដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជាជាតិខ្មែរថា “ជនក្បត់ជាតិ” គឺជាការប្រមាថដ៏ធ្ងន់ធ្ងរជាទីបំផុត ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត ។

លោក ស សុខា ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានប្រកាសគោលជំហរ ប្រឆាំងដាច់ខាត និងថ្កោលទោស យ៉ាងដាច់អហង្ការចំពោះគំនិតអសីលធម៌ របស់លោក សម រង្ស៊ី និងអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់ ឲ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើលោក សម រង្ស៊ី ជាជនក្បត់ជាតិ ៣ ជំនាន់រូបនេះ ព្រមទាំងបក្ខពួកដែលបានចូលរួមគាំទ្រ ចំពោះទង្វើក្បត់ជាតិនេះ ។

ជាមួយគ្នានោះ លោក ស សុខា និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃក្រុមប្រឹក្សាយុវជន គ្រឹះស្ថានឧត្តមសិក្សា បានប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះយុទ្ធនាការ ដែលប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់នយោបាយ ជ្រុលនិយមរបស់លោក សម រង្ស៊ី ឲ្យអស់ពីកម្ពុជា ដើម្បីបន្តរក្សានូវសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍ លើគ្រប់វិស័យ និងសេចក្តីសុខសាន្ត របស់ប្រជារាស្ត្រខ្មែរ៕/V