ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖កាលពីថ្ងៃទី ២៣ ខែតុលា កន្លងទៅថ្មីៗនេះ ព្រឹត្តិការណ៍នៃការប្រកួត “ពានរង្វាន់បាល់បោះ TNAOT ៣x៣” ក្រោមស្មារតីប្រកួតដ៍ស្វាហាប់ និងតឹងតែងពីសំណាក់អត្តពលិក ២៥៦ រូបមកពី៦៤ក្រុមជម្រុះគ្នាតាមប្រភេទវិញ្ញាសាផ្សេងៗគ្នាដោយមានការចូលរួមលើកទឹកចិត្តពីអ្នកគាំទ្រយ៉ាងច្រើនកុះករផងដែរ។ ការប្រកួតមានរយៈពេល ១០នាទីក្នុងមួយជុំឬស្មើនឹង ២១ពិន្ទុ ហើយក្រុមនីមួយៗត្រូវប្រកួត ៣ជុំ ដែលស្មើនឹង ៩៦ប្រកួតទៅតាមលទ្ធផលនៃការចាប់គូ នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២១ ខែតុលកន្លងមកនេះ។

ទិដ្ឋភាពនៃការប្រកួតរបស់ក្រុមនិស្សិតមកពីសកលវិទ្យាល័យពិតជាមានជំនាញក្នុងការកាត់បាល់បញ្ចូនបាល់ និងការពារបានយ៉ាងល្អ។ កីឡាករនៃក្រុមនីមួយៗ ព្យាយាមទប់គ្នាទៅវិញទៅមក ដើម្បីដណ្តើមបាល់ និងរកទីតាំងល្អក្នុងការស៊ុតបញ្ជូលបាល់។ ចំណែកក្រុមវិទ្យាល័យវិញ មើលទៅក៏គួរឱ្យរំភើបដូចគ្នាផងដែរ ពួកគេបានដណ្តើមបាល់ និងការពារបាល់ចេញពីការប្រយុទ្ធរបស់ដៃគូ បានយ៉ាងល្អ ហើយអាចបោះបាល់ចូល កន្រ្តកក្នុងរយៈចម្ងាយឆ្ងាយបានយ៉ាងងាយស្រួលដើម្បីទទួលបានពិន្ទុបន្ថែម។
ពេលខ្លះការសុតបាល់មួយគ្រាប់ៗនិងពិន្ទុប្រកៀកប្រកិតគ្នារវាងគូរប្រកួតនីមួយៗបានធ្វើឲ្យបេះដូងអ្នកទស្សនាញាប់ញ័រគ្រប់ៗគ្នានឹងពោពេញទៅដោយការស្រែកហូរពីសំណាក់អ្នកគាំទ្រកងរំពងពេញទីលាន ធ្វើឱ្យបរិយាកាសនៃការប្រកួតពិតជាមានភាពរំភើបរីករាយមែនទែន។ នៅពេលដែលបាល់បានបោះចូលក្នុងកន្រ្តក បានធ្វើឱ្យសំឡេងហ៊ោររបស់អ្នកទស្សនាបន្លឺឡើងយ៉ាងខ្លាំង។

ការប្រកួតរបស់ក្រុមមហាជននារី ក៏មិនអន់ជាងបុរសដែរ ក្រោយដណ្តើមបានបាល់ពួកគេព្យាយាមរត់គេច ពីកីឡាការនីផ្សេងទៀតទៅជិតកន្ត្រកដើម្បីស៊ុតបញ្ជូល។ ពិតមែនថាជានារី តែដែលពួកគាត់បានព្យាយាម បញ្ចេញអស់កម្លាំងកាយចិត្តក្នុងការប្រកួតដើម្បីបន្តឈានទៅរកជ័យជម្នះនៅវគ្គបន្តដែលធ្វើឱ្យអ្នកទស្សនា បានទះដៃអបអរសាទរកងរំពងពេញពហុកីឡាដ្ឋាន ទន្ទឹមនឹងការប្រកួតរបស់មហាជនបុរសមានភាពប្រជែង គ្នាខ្លាំងក្លា ចលនានៃការលេងពោរពេញទៅដោយភាពរហ័សរហួននិង សាមគ្គីនិងភាពឆ្លាតវៃក្នុងការគ្រប់គ្រង ការប្រកួត ខ្លាំងណាស់ នេះការប្រកួតប្រជែងដ៏ខ្លាំងក្លាមិនថាក្រុមណានោះទេគ្រប់ការប្រកួតគ្រប់វិញ្ញាសាតែងតែ ផ្ទុះសម្លេងហ៊ូកញ្ជ្រៀវជានិច្ចរាល់គ្រាប់បាល់ដែលបានស៊ុតបញ្ចូល។

ជាលទ្ធផលនៃការប្រកួតជម្រុះនេះ មានតែ ៨ ក្រុមប៉ុណ្ណោះនៃវិញ្ញាសានីមួយ នឹងត្រូវប្រកួតគ្នាបន្តដែលអាច ឡើងទៅវគ្គបន្ត ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃវិញ្ញាសានីមួយៗ ហើយការប្រកួតនិង បន្តទៅក្រុមឈ្នះទាំង ៤ក្រុមនឹងឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ទាប់មកក្រុមឈ្នះទាំង២នឹងវគ្គផ្តាច់ព្រ័ត្រដណ្តើមយកជើងឯកនិងជើងឯករង។ចំណែកក្រុមដែលចាញ់ទាំងពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតគ្នាយក ចំណាត់ថ្នាក់លេខ៣ផងដែរនៃវិញ្ញាសានីមួយៗ។

ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២៩ តុលា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៨ព្រឹក នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សូមមើលតារាងជើងខ្លាំង៨ក្រុមនៃវិញ្ញាសានីមួយៗ ជាប់ក្រោយបន្ទាប់ពីការប្រកួតវគ្គជម្រុះក្នុងពូល

អំពីរង្វាន់ជើងឯកលើវិញ្ញាសាទាំង ៤កម្រិត (ឧត្តមសិក្សា មធ្យមសិក្សា មហាជនបុរស មហាជននារី) នឹងទទួលបាន៖
• ចំណាត់ថ្នាក់លេខ ១ ទទួលបានប្រាក់រង្វាន់ ១.៥០០.០០០ រៀល អមដោយមេដាយកិត្តិយស និងពានផងដែរ
• ចំណាត់ថ្នាក់លេខ ២ ទទួលបានប្រាក់រង្វាន់ ១.០០០.០០០ រៀល អមដោយមេដាយកិត្តិយស
• ចំណាត់ថ្នាក់លេខ ៣ ទទួលបានប្រាក់រង្វាន់ ៦០០.០០០ រៀល អមដោយមេដាយកិត្តិយស

ការប្រកួត “ពានរង្វាន់បាល់បោះ TNAOT ៣x៣”ទទួលបានកិច្ចសហការផ្នែកបច្ចេកទេសពីសហព័ន្ធ កីឡាបាល់បោះកម្ពុជា (CBF) និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំយុវជន និងកីឡា។ ទន្ទឹមនេះដែរ ក៏មានការចូលរួមគាំទ្រពីបណ្តាក្រុមហ៊ុនធំៗចំនួន ក្នុងការចូលរួមឧបត្ថម្ភគាំទ្រដល់ការរៀបចំព្រឹត្តិការប្រកួតនេះឱ្យប្រព្រឹត្តឡើង។ ក្នុងនោះមានដូចជា មន្ទីរពហុព្យាបាល ហុង អិន, ក្រុមហ៊ុន Lanton Cloud ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ឡានម៉ីអ៊ែរឡាញ ,ក្រុមហ៊ុន GoodToGo, Oakwood Premier Phnom Penh ក្រុមហ៊ុនរៀបចំកម្មវិធី Miss Ann មន្ទីរព្យាបាលភ្នែកហូសេង ក្លឹបហាត់ប្រាណ ណូបែល និងភោជនីយដ្ឋានអាហារជប៉ុនធានអ៊ី៕សរន

រុបថត៖សកម្មភាពក្នុងពេលប្រកួតជម្រុះ