ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមកីឡាសូហ្វតេន្នីសកម្ពុជា នឹងចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ The 6th Indonesia Soft Tennis Championships 2022 នាប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។នេះជាព្រឹត្តិការណ៍ដ៏ មានសារសំខាន់បំផុត សម្រាប់ការវាស់ស្ទង់កម្រិតសមត្ថភាព កីឡាករ-កីឡាការិនីជម្រើសជាតិ ក្នុងការវាស់ស្ទង់សមត្ថភាព មុនព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ មកដល់។

ប្រភេទកីឡាមួយនេះ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣(CAMSOC)​ បានដាក់គោលដៅឲ្យសហព័ន្ធមួយនេះ ធ្វើយ៉ាងណា យកឲ្យបាន មេដាយមាស យ៉ាងហោចចំនួន ២ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ មិនព្រងើយកន្តើយឡើយ សហព័ន្ធ បានរៀបចំផែនការ យ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រេចឲ្យបាន នូវគោលដៅនេះ ហើយបើសិនបានលើសនេះ គឺកាន់តែប្រសើរ។

នៅខែធ្នូ ខាងមុខនេះ សហព័ន្ធ នឹងបញ្ជូនកីឡាករ-កីឡាការិនី ទៅប្រកួតលើវិញ្ញាសា ចំនួន ៥ រួមមាន ឯកត្តជនបុរស, ឯកត្តជននារី, វាយគូបុរស, វាយគូនារី និងវាយគូចម្រុះ បុរស-នារី។

ជាមួយគ្នានោះ មន្ត្រីរបស់សហព័ន្ធ បានប្រាប់ឲ្យដឹងថាៈ ទៅឥណ្ឌូណេស៊ីលើកនេះ គឺជាការវាស់ស្ទង់សមត្ថភាព ដ៏មានសារសំខាន់បំផុត ក្នុងការត្រៀមខ្លួន សម្រាប់ស៊ីហ្គេម ២០២៣។ សហព័ន្ធជឿ ជាក់ថា កីឡាករ នឹងធ្វើបានល្អ ព្រោះមុនចេញទៅប្រកួត សហព័ន្ធ បានរៀបចំការតេស្ដសមត្ថភាព យ៉ាងយកចិត្តទុកដាក់បំផុត។ អ្នកចេញទៅ សុទ្ធសឹងតែអ្នក ដែលមានសមត្ថភាព តាមរយៈការធ្វើតេស្ត ប្រកបដោយសុក្រឹតភាព តម្លាភាព និងគុណភាព។

សម្រាប់ព្រឹត្តិការណ៍ The 6th Indonesia Soft Tennis Championships 2022 នេះ សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា សម្រេចបញ្ជូន កីឡាករ ចំនួន ៦នាក់ និងកីឡាការិនី ចំនួន ៦នាក់ ដើម្បីទៅចូលរួមប្រកួត៕/V