ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សិក្ខាសាលា ស្តីពីការរៀបចំចងក្រងទិន្នន័យ តេស្តកាយសម្បទា អាស៊ានពីអាយុ ៧ ដល់ ២៤ ឆ្នាំ នៅគ្រឹះស្ថានសិក្សាចំណេះទូទៅ និងឧត្តមសិក្សា ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិត។

លោក ដួង មាសចំរើន អគ្គនាយករងកីឡា បានអញ្ជើញចូលរួមក្នុងពិធីនេះ។ លោក បឹងគីមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត បានចាត់ទុកថាៈ នេះគឺ ជាទិវាមួយ ដ៏មហោឡារឹក ដែលនាយកដ្ឋានរបស់លោក ទទួលបានការអនុញ្ញាតជាគោលការណ៍ ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំសិក្ខាសាលា ស្តីពី “ការរៀបចំចងក្រង ទិន្នន័យតេស្តកាយសម្បទាអាស៊ាន ពីអាយុ៧ ដល់២៤ឆ្នាំ នៅគ្រឹះស្ថានសិក្សា ចំណេះទូទៅ និងឧត្តមសិក្សា” នៅនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត នាពេលនេះ ។

សិក្ខាសាលា នាពេលនេះ មានវត្ថុបំណងសំខាន់ចំនួន ៦ គឺដើម្បីឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងអន្តរជាតិ លើវិស័យអប់រំកាយ និងកីឡា ពង្រឹងការអនុវត្ត ក្របខ័ណ្ឌកម្មវិធីសិក្សាថ្នាក់ជាតិ ឲ្យបានពេញលេញ ២ ម៉ោង​ក្នុងមួយសប្តាហ៍ ការរៀបចំ ចងក្រងទិន្នន័យតេស្ត កាយសម្បទាសិស្ស និស្សិត​ដែលកំពុងសិក្សា ក្នុងគ្រឹះស្ថានសិក្សា ចំណេះទូទៅ និងឧត្តមសិក្សា និងឲ្យក្លាយជាគ្រូបង្គោល ថ្នាក់ក្រោមជាតិតាមរាជធានី ខេត្ត ចូលរួមបំប៉នបុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូនៅ សាលារបស់ខ្លួន សាលាឧបសម្ព័ន្ធ កម្រង និងក្រុង ស្រុក ខណ្ឌរបស់ខ្លួន។

លោកបានបន្ថែមថាៈ អ្នកពិនិត្យតាមដានវាយតម្លៃ និងបូកសរុបលទ្ធផលប្រចាំឆ្នាំ នៃការរៀបចំចងក្រងទិន្នន័យ តេស្តកាយសម្បទា សិស្សានុសិស្ស​នៅតាមគ្រឹះស្ថានសិក្សា ​ទាំងអស់ នៅក្រោមឱវាទរបស់ខ្លួន ហើយថ្នាក់ក្រោមជាតិ ចូលរួមសហការជាមួយ អង្គភាពជំនាញថ្នាក់ជាតិ ដើម្បីរៀបចំចងក្រង តេស្តកាយសម្បទាកុមារ និងយុវជន ពីអាយុ ៧ ដល់ ២៤ ឆ្នាំ តាមរាជធានី ខេត្តទាំង២៥ រៀងរាល់ឆ្នាំ ។

ស្របតាមគោលបំណង ខាងលើ ដើម្បីឆ្លើយតបចក្ខុវិស័យ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្ដោតលើសមាសភាគអប់រំ ទាំង៥ រួមមាន ការអប់រំបញ្ញាអប់រំសិល្បៈ អប់រំពលកម្ម អប់រំសោភ័ណ្ឌ និងអប់រំកាយ និងកីឡា ក្នុងនោះ ការរៀបចំចងក្រងទិន្នន័យ តេស្តកាយសម្បទាអាស៊ាន គឺជាការងារមួយចាំបាច់ និងមានសារសំខាន់មួយ ដើម្បីឆ្លើយតប ទៅនឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងអន្តរ ជាតិផងដែរ ។

ដោយឃើញពីគុណតម្លៃ នៃមុខវិជ្ជាអប់រំកាយ និងកីឡា ទើបក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវការណែនាំ សម្រាប់ផ្សព្វផ្សាយ ដល់ថ្នាក់ក្រោមជាតិ សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និង​ឧត្តមសិក្សា នៅទូទាំងប្រទេស ឲ្យអនុវត្តន៍ការងារនេះ ជារៀងរាល់ឆ្នាំ៕/V