​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កងកម្លាំង​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​បាន​ធ្វើ​សមយុទ្ធ​កាលពី​ថ្ងៃ​ពុធ​ទី​២៦​តុលា រួម​ទាំង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ចេញពី​នាវាមុជទឹក​ជា​ហេតុ​បង្ក​ការ​ព្រួយ​​បារម្ភ​បន្ថែមទៀតថា​អាវុធ​នុយក្លេអ៊ែរ​អាច​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​សង្គ្រាម​អ៊ុ​យក្រែន​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​អង្កេត​មើល​សមយុទ្ធ​ដែល​ធ្វើឡើង​ដោយ​កងកម្លាំង​នុយក្លេអ៊ែរ​របស់លោក ខណៈ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នៅតែ​បន្ត​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា​រដ្ឋាភិបាល​ក្រុង​​គៀវ​កំពុង​បង្កើត “​គ្រាប់បែក​កខ្វក់​”​និង​ត្រៀម​ប្រើ​វា​។​

​កាលពី​ថ្ងៃ​ចន្ទ ក្រសួងការបរទេស​រុស្ស៊ី​បាន​បង្ហោះ​រូបថត​នៃ​សារធាតុ​នុយក្លេអ៊ែរ​ដែល​មិន​អាច​ជឿ​ទុកចិត្តបាន​នៅលើ​បណ្តាញ​សង្គម ដែល​ខ្លួន​ពណ៌នា​ថា​ជា​សមត្ថភាព​របស់​អ៊ុយ​ក្រែន​ក្នុង​ការបង្កើត “​គ្រាប់បែក​កខ្វក់​”​។​

​ប៉ុន្តែ​កាលពី​ថ្ងៃ​ពុធ ស្លូ​វេ​នី​បាន​និយាយថា រូបថត​នោះ​គឺ​បានមកពី​ទីភ្នាក់ងារ​គ្រប់គ្រង​កាក​សំណល់​នុយក្លេអ៊ែរ​របស់ខ្លួន ហើយ​ចុះ​កាលបរិច្ឆេទ​កាលពី​ឆ្នាំ ២០១០​។​

​យោង​តាម​លោក ដ្រា​ហ្គាន បាក​ប៊ូ​តូ​វ​ស្គី (Dragan Barbutovski) ទីប្រឹក្សា​នាយក​រដ្ឋ​មន្ត្រីស្លូ​វេនី រ៉ូបឺត ហ្គោឡូ​ប (Robert Golob) រូបថត​នោះ​ពណ៌នា​អំពី​ឧបករណ៍​ចាប់​ផ្សែង​។​

​ទន្ទឹម​នោះ​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា ការប្រយុទ្ធ​គ្នា​នៅតែ​មាន​ភាព​តានតឹង​នៅ​តំបន់​ដុន​បាស​ភាគ​ខាងកើត​ក្បែរ​បាក់​មុត (Bakhmut) ជា​ទីប្រជុំជន​មួយ ដែល​ទាហាន Wagner វរជន​របស់​រុស្ស៊ី​កំពុង​ប្រឹងប្រែង​ដើម្បី​ដណ្តើមយក​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ប្រចាំថ្ងៃ​របស់​គាត់​ទៅកាន់​ប្រទេស​ជាតិ​ថា “​ស្ថានភាព​នៅ​សមរភូមិ​ជួរមុខ​មិន​មាន​ការផ្លាស់ប្តូរ​គួរឱ្យ​កត់សម្គាល់​ទេ​។​ការប្រយុទ្ធ​គ្នា​ដ៏​សាហាវ​បំផុត​គឺ​​កើត​ឡើង​នៅក្នុង​តំបន់​ដូណិត​ស​ខ៍ ឆ្ពោះ​ទៅ​ទីប្រជុំជន​បាក់​មុត​និង​អាវ​ឌី​យី​វ​កា (Avdiyivka)”៕

​ពូ​ទីន​អង្កេត​មើល​សមយុទ្ធ​ដែល​ធ្វើឡើង​ដោយ​កងកម្លាំង​នុយក្លេអ៊ែរ​របស់លោក​កាលពី​ថ្ងៃ​ពុធ​