​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​,​បាងកក​ប៉ុស្តិ៍​)៖ ប៉ូលិស​ថៃ​បាន​ឃាត់ខ្លួន​អ្នក​ទេសចរណ៍​ជាង​២០០​នាក់​រួម​មាន​ជនកម្ពុជា​ម្នាក់​ក្នុង​ការបង្ក្រាប​បទល្មើស​ថ្នាំញៀន​នៅ​រង្គសាល​ខារ៉ាអូខេ​មួយ​នៅក្នុង​ក្រុង​​បាងកក​កាលពី​ថ្ងៃ​ពុធ​ទី​២៦​តុលា​។​

​ក្នុង​រូបភាព​បង្ហាញ​ដោយ​ប៉ូលិស​និង​សារព័ត៌មាន​ថៃ ភ្ញៀវ​ដែល​ភាំង​ស្មារតី​និង​ច្របូកច្របល់​ចិត្ត​និង​ភាគច្រើន​ជា​ជន​ជាតិ​ចិន ត្រូវបាន​នាំមក​អង្គុយ​ផ្តុំគ្នា​ក្រោម​ពន្លឺភ្លើង​នៅក្នុង​បន្ទប់​មួយ​ក្នុង​សង្កាត់​​សា​ថន​(Sathorn )​។​អ្នកនាំពាក្យ​ប៉ូលិស​លោក​អាចា​យ៉ុន ក្រាយ​ថង​(Archayon Kraithong)​បាន​និយាយថា «​ប៉ូលិស​បាន​ធ្វើ​ការពិនិត្យ​ទឹកនោម​និង​បាន​រកឃើញ​ថា​ពួកគេភាគច្រើន​ប្រើប្រាស់​សារធាតុ​​ខុសច្បាប់​»​។​

​ភ្ញៀវ​ភាគច្រើន​ជា​ជនជាតិ​ចិន​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្លឹប​រាត្រី​ខុសច្បាប់​មួយ​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​ពុធ

​លោក​បាន​បន្តថា ការពិនិត្យ​បន្ថែមទៀត​នឹង​ត្រូវ​ធ្វើឡើង​ដើម្បី​កំណត់​ថា​តើ​ពួក​គេ​ប្រើ​ថ្នាំ​អ្វី​និង​ថា​តើ​ត្រូវ​ចោទប្រកាន់​ពួកគេ​ដែរឬ​អត់​។​

​អត្ថបទ​មួយ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ប៉ូលិស​ថៃ​បាន​និយាយថា ក្នុងចំណោម​សារធាតុ​ដែល​ពួកគេ​ប្រើ​រួមមាន​ថ្នាំ​កេតា​មីន ព្រមទាំង​ដាន​នៃ​ថ្នាំ​MDMA មេតំ​ហ្វេ​តា​មីន​និង​ដ្យា​ហ្សេ​ប៉ាម​(diazepam)​ហើយ​«​ប៉ូលិស​បាន​រកឃើញថា ទីតាំង​កម្សាន្ត​នេះ​ទំនង​ជា​កន្លែង​លក់​ថ្នាំ​ញៀន​អោយ​អតិថិជន​»ផង​។​

​មេ​ប៉ូលិស​ជាតិ​ថៃ​បានអោយដឹងថា ក្លឹប​រាត្រី​នេះ​បើក​ដំណើរការ​ខុសច្បាប់​ដោយ​ជនជាតិ​ចិន​ម្នាក់​ដែល​ចូល​មក​ថៃ​ក្រោម​ទិដ្ឋាកា​ទេសចរណ៍​។​សរុប​ភ្ញៀវ​១០៤​នាក់​រួម​មាន​ជនជាតិ​ចិន៩៩​នាក់​ត្រូវបាន​តេស្តិ៍​​វិជ្ជមាន​ថ្នាំញៀន​នៅ​អាគារ​ជាប់​គ្នា​ចំនួន​បី​ដែល​បើក​ដំណើរការ​ក្លឹប​កម្សាន្តដោយ​ខុសច្បាប់​​។​

​ក្នុង​ការបង្ក្រាប​កាលពី​ថ្ងៃ​ពុធ ភ្ញៀវ​ចិន​២៣៧​នាក់​ត្រូវបាន​ឃាត់ខ្លួន ហើយ​២៩​នាក់​ទៀត​ជា​អ្នក​បំរើការ​រួម​មាន​ថៃ ហ្ស​ក​ហ្ស៊ី វៀតណាម​និង​កម្ពុជា​។​

​សូមបញ្ជាក់​ថា​ថៃ​ជា​មជ្ឈមណ្ឌល​ឆ្លងកាត់​ធំ​មួយ​សំរាប់​ថ្នាំញៀន​មក​ពី​តំបន់ត្រីកោណមាស ទោះជា​មាន​ច្បាប់​តឹងរ៉ឹង​និង​ការបង្ក្រាប​ធំៗ​ជា​ហូរហែ​។​ការ​មាន​ថ្នាំញៀន​ក្នុង​ប្រភេទ​ណា​មួយ​ដូចជា MDMA ​និង​មេតំ​ហ្វេ​តា​មីន អាច​ជាប់គុក​ដប់ឆ្នាំ​៕

​ថៃ​ជា​មជ្ឈមណ្ឌល​ឆ្លងកាត់​ធំ​មួយ​សំរាប់​ថ្នាំញៀន​មក​ពី​តំបន់​ត្រីកោណមាស