​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន និង​ប្រធានាធិបតី​អ៊ីស្រាអែល លោក អ៊ី​សាក ហឺ​ហ្សក់ (Isaac Herzog)​កាលពី​ថ្ងៃ​ពុធ​ទី​២៦​តុលា​បាន​ពិភាក្សា​​គ្នា​អំពី​ការគំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​អ៊ុយ​ក្រែន​ពី​សំណាក់​ដ្រូ​ន​សង្គ្រាម​ដែល​ផ្គត់ផ្គង់​ដោយ​អ៊ីរ៉ង់​ដល់​រុស្ស៊ី ខណៈ​អ៊ីស្រាអែល​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​ក្រុង​គៀវ​។​

​លោក​ហឺ​ហ្សក់​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​បន្ទាប់ពី​កិច្ច​ពិភាក្សា​របស់​គាត់​ថា ពួក​លោក​បាន​ពិភាក្សា “​ជា​ចម្បង​” អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ការកម្ទេច​ក្រុមបាតុករ​ប្រឆាំង​នឹង​ច្បាប់​​សាសនា​ដ៏​តឹងរ៉ឹង​របស់​អ៊ីរ៉ង់ និង បញ្ហា​នៃ​ការលក់ដ្រូន​របស់​រដ្ឋាភិបាល​ក្រុង​តេ​អេ​រ៉ង់​ឱ្យទៅ​រុស្ស៊ី​។​

​លោក​ហឺ​ហ្សក់​បាន​និយាយថា អាវុធ​ទាំងនោះ “​កំពុង​សម្លាប់​ពលរដ្ឋ​អ៊ុយ​ក្រែន​ស្លូតត្រង់​”​។​

​អ៊ីស្រាអែល​មាន​ការស្ទាក់ស្ទើរ​ក្នុង​ការចូលរួម​ក្នុង​សម្ពន្ធភាព​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​ដែល​ជួយ​គាំទ្រ​អ៊ុយ​ក្រែន​ដែល​មាន​ទំនោរ​គាំទ្រ​លោក​ខាងលិច​ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​ដ៏​បង្ហូរ​ឈាម​របស់​​រុស្ស៊ី​។​ប៉ុន្តែ​ការធ្វើដំណើរ​របស់​លោក​ហឺ​ហ្សក់​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​គឺ​គូសបញ្ជាក់​ពី​ការព្រួយបារម្ភ​របស់​អ៊ីស្រាអែល​ចំពោះ​តួនាទី​ដែល​កំពុង​កើន​ឡើង​របស់​អ៊ីរ៉ង់​នៅក្នុង​ជម្លោះ​នេះ​ដោយ​រដ្ឋាភិបាល​ក្រុង​​តេ​អេ​រ៉ង់​ត្រូវបាន​ចោទប្រកាន់ថា​បាន​ផ្គត់ផ្គង់​ដ្រូ​ន​ដែល​ប្រើ​ដោយ​រុស្ស៊ី​ប្រឆាំងនឹង​គោលដៅ​ជន​ស៊ីវិល​អ៊ុ​យក្រែន​។​

​កាលពី​ថ្ងៃ​អង្គារ លោក​ហឺ​ហ្សក់​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក លោក អាន​ថូ​នី ប្លីង​កិន ហើយ​បាន​ប្រកាសថា លោក​កំពុង​ចែករំលែក​ព័ត៌មាន​សម្ងាត់ ដើម្បី​បញ្ជាក់​ថា​អ៊ីរ៉ង់​បាន​ផ្គត់ផ្គង់​​ដ្រូ​ន​យោធា​ដល់​រុស្ស៊ី​។​

​ប្រធានាធិបតី​អ៊ុ​យក្រែន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ស្វាគមន៍​កាលពី​ថ្ងៃ​ពុធ​ថា “​នេះ​គឺជា​និន្នាការ​វិជ្ជមាន​នៅក្នុង​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល​…​បន្ទាប់​ពី​ការផ្អាក​មួយរយៈ​មក​ខ្ញុំ​មើលឃើញ​​ពួក​យើង​បោះ​ជំហាន​ឆ្ពោះទៅមុខ​”​។​

​លោកបៃ​ដិ​ន​និង​លោក​ហឺ​ហ្សក់​ក៏បាន​ពិភាក្សា​អំពី​ជម្លោះ​ជា​បន្ត​របស់​អ៊ីរ៉ង់​ជាមួយ​សហគមន៍​អន្តរជាតិ​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ដែល​ខ្លួន​ទទូច​ថា​មាន​តែ​គោលបំណង​ស៊ីវិល​ប៉ុណ្ណោះ​។​អ៊ីស្រាអែល​​បាន​ជំទាស់​នឹង​ការជំរុញ​របស់​រដ្ឋបាលបៃដិ​ន​ដើម្បី​សង្គ្រោះ​កិច្ចព្រមព្រៀង​មួយ ដែល​នឹង​ដាក់​ដំណើរការ​អធិការកិច្ច​អន្តរជាតិ​ក្នុងប្រទេស​អ៊ីរ៉ង់​ឡើងវិញ​ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​។​

​សេត​វិមាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា “​ពួកគេ​បាន​ពិគ្រោះ​យោបល់​លើ​បញ្ហា​សកល​និង​វិស័យ​ពាក់ព័ន្ធ​ទៅវិញទៅមក​ក្នុង​តំបន់​រួម​ទាំង​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​អ៊ីរ៉ង់​និង​​ក្រុម​តំណាង​របស់​ខ្លួន​។ ប្រធានាធិបតី​បាន​សង្កត់ធ្ងន់​អំពី​ការសន្យា​របស់​រដ្ឋបាល​គាត់​ក្នុង​ការធានា​ថា អ៊ីរ៉ង់​នឹងមិន​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​ឡើយ​”៕

​លោកបៃ​ដិន​ជួប​លោក​ហឺ​ហ្សក់​នៅ​ការិយាល័យ​ពងក្រពើ​នៃ​សេត​វិមាន