ដោយៈប.ខុន / ភ្នំពេញៈ បរិមាណទឹកភ្លៀងធ្លាក់ នៅយប់ថ្ងៃទី២៦ ខែតុលា មានដល់ កម្រិត ១៤៩ មីលីម៉ែត្រ ក្នុងភូមិសាស្ត្រ ស្រុកគងពិសី នៅសំរោងទង ៩៣ មីលីម៉ែត្រ នៅស្រុកឧដុង្គ ៩៣ មីលីម៉ែត្រ តែវាមិនទាន់ឈាន ដល់មានជំនន់ស្ទឹងព្រែកត្នោត នៅឡើយទេ ដោយសារភ្លៀង មិនមានធ្លាក់រាល់ថ្ងៃ។ ឯទឹកភ្លៀង ធ្លាក់នៅស្រុកគងពិសី ដល់កម្រិត ១៤៩ មីលីម៉ែត្រ នាំឱ្យមានជំនន់ តាមវាលស្រែ តែទឹកនេះ មិនធ្លាក់ចូលមក ស្ទឹងព្រែកត្នោតទេ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ថាៈ បរិមាណទឹកភ្លៀង ធ្លាក់នៅយប់ ថ្ងៃទី២៦ ខែតុលា មានដល់កម្រិត ១៤៩ មីលីម៉ែត្រ ក្នុងភូមិសាស្ត្រ ស្រុកគងពិសី សំរោងទង ៩៣ មីលីម៉ែត្រ នៅស្រុកឧដុង្គ ៩៣ មីលីម៉ែត្រ តែវាមិនទាន់ឈានដល់ មានជំនន់ស្ទឹងព្រែកត្នោត នៅឡើយទេ ដោយសារភ្លៀង មិនមានធ្លាក់រាល់ថ្ងៃ។ ឯទឹកភ្លៀង ធ្លាក់ នៅស្រុកគងពិសី ដល់កម្រិត ១៤៩ មីលីម៉ែត្រ នាំឱ្យមានជំនន់ តាមវាលស្រែ  តែទឹកនេះ មិនធ្លាក់ចូលមក​ស្ទឹងព្រែកត្នោតទេ។

ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅថ្ងៃទី២៧ ខែតុលា នៅទ្វារទឹករលាំងជ្រៃ ទឹកកម្ពស់ ៧,២៥ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២៦ ខែតុលា ០,០៧ ម៉ែត្រ ទឹកហូរពីលើកម្រិតកម្ពស់់់់ធម្មតា សន្ទះទ្វារទឹកផ្នែកខាងលើ ០,២៥ ម៉ែត្រ។ នៅពាមឃ្លៃ ទឹកមានកម្ពស់ ៣,១២ ម៉ែត្រ ទាបជាងថ្ងៃទី២៦ តុលា ០,១២ ម៉ែត្រ។ នៅតាសាល ទឹកមានកម្ពស់ ១៩,៨០ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២៦ តុលា ០,០៨ ម៉ែត្រ។

របាយទឹកភ្លៀង ដែលបានធ្លាក់ រយៈពេល ២៤ ម៉ោង ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែតុលា  នៅតម្រងសាលាស្រុកភ្នំស្រួច ២៧ មីលីម៉ែត្រ តម្រងពាមពូល ២៦ មីលីម៉ែត្រ តម្រងអូរកូនត្រុំ ១៩ មីលីម៉ែត្រ តម្រងស្រែខ្លុង តម្រងសាលាស្រុកសំរោងទង ៣៥ មីលីម៉ែត្រ តម្រងរលាំងជ្រៃ ៧១,៦ មីលីម៉ែត្រ តម្រងពាមឃ្លៃ ៦,២ មីលីម៉ែត្រ តម្រងជណ្តើរកាច់ ៥៦ មីលីម៉ែត្រ តម្រងអូរតារ័ត្ន ៩៣ មីលីម៉ែត្រ តម្រងសាលាស្រុកបរសេដ្ឋ ២៤​ មីលីម៉ែត្រ តម្រងឃុំកាត់ភ្លុក ៤០ មីលីម៉ែត្រ តម្រងឃុំស្វាយចចិប ៣២ មីលីម៉ែត្រ តម្រងឃុំផុង២៥ មីលីម៉ែត្រ តម្រងសាលាស្រុក គងពិសី ១៤៩ មីលីម៉ែត្រ តម្រងសាលាស្រុកឧដុង្គ ២៩ មីលីម៉ែត្រ តម្រងឃុំពាំងល្វា ១២​ មីលីម៉ែត្រ តម្រងឃុំវាលពុង ២៣ មីលីម៉ែត្រ តម្រងឃុំយុទ្ធសាមគ្គី ២១ មីលីម៉ែត្រ តម្រងចាន់ថ្នាល ៩៣ មីលីម៉ែត្រ តម្រងសាលាស្រុកថ្ពង ២៨ មីលីម៉ែត្រ តម្រងឃុំយាអង្គ ២០,៥ មីលីម៉ែត្រ តម្រងសាលាស្រុកឱរ៉ាល់ ២៨,៤ មីលីម៉ែត្រ តម្រងឃុំត្រពាំងជោរ ៣០ មីលីម៉ែត្រ តម្រងជាំ ៥៩ មីលីម៉ែត្រ និងនៅក្រុងច្បារមន មានភ្លៀងធ្លាក់ ២៧,២ មីលីម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៥ ខែតុលា បានជូនដំណឹង ស្តីពីការព្យាករ​ធាតុអាកាស សម្រាប់ពីថ្ងៃទី២៦​ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថាៈ ទ្រនុងសម្ពាធខ្ពស់​ពីភាគខាងជើង (ប្រទេសចិន) បានលាតសន្ធឹង ចុះមកក្រោមលើប្រទេសកម្ពុជា ប្រសព្វជាមួយនឹងសម្ពាធទាប រុញពីសមុទ្រចិន ខាងត្បូង។ ទន្ទឹមនោះ ខ្យល់បានប្តូរទិសជាបណ្តើរៗ តែបណ្តាខេត្ត និងរាជធានី នៅផ្នែកខាងក្រោម អាចនៅមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម  ក្នុងនោះផ្នែកខ្លះ​ អាចមានភ្លៀងធ្លាក់បង្គួរ ដោយអន្លើរ លាយ ឡំទៅដោយផ្គរ រន្ទះ។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ លក្ខណៈបែបធ្វើឱ្យតំបន់វាលទំនាប កណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អអ្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ អអ្សាសេ ។ សម្រាប់រាជធានីភ្នំពេញ និងបណ្តាខេត្ត នៅផ្នែកខាងក្រោម (ត្បូង) អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅមធ្យម ក្នុងនោះ ផ្នែកខ្លះ អាចមានភ្លៀងធ្លាក់បង្គួរ ដោយអន្លើរ លាយឡំទៅដោយផ្គរ រន្ទះ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២១ ទៅ ២៣ អអ្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ​ទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ​ និងសីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១​ អង្សាសេ និងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕/V-PC