ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Boeing កាលពីថ្ងៃពុធទី២៦តុលា បានរាយការណ៍ពីការខាតដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ៣,៣ពាន់លានដុល្លារក្នុងត្រីមាសទីបីខណៈខ្លួនបានជួបការលំបាកជាមួយនឹងការចំណាយលើកម្មវិធីការពារជាតិជាច្រើន រួមទាំងយន្តហោះប្រធានាធិបតីអាម៉េរិក Air Force One ផងដែរ។
បញ្ហាការលក់របស់ក្រុមហ៊ុនក្នុងវិស័យការពារជាតិ ដែលប៉ះពាល់ដល់យន្តហោះចាក់សាំងនិងដឹកជញ្ជូនយោធា KC-46 និងប្រព័ន្ធបណ្តុះបណ្តាលអ្នកបើកយន្តហោះ T-7Aគឺឆ្លុះបញ្ចាំងអំពីភាពយឺតយ៉ាវពីបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបានញាំញីដល់សេដ្ឋកិច្ចដ៏ទូលំទូលាយមួយនេះក៏ដូចជាចរិតដ៏តឹងរ៉ឹងនៃកិច្ចសន្យារបស់រដ្ឋាភិបាល។
ដំបូងឡើយ វិនិយោគិនបានទទួលយកព័ត៌មានខកចិត្តនេះដោយត្រជាក់ចិត្ត ប៉ុន្តែភាគហ៊ុនបានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីការហៅទូរស័ព្ទក្នុងសន្និសីទមួយ ដែលក្នុងនោះនាយកប្រតិបត្តិក្រុមហ៊ុន Boeing បានព្យាករណ៍ពីការកើនឡើងយឺតនៃទិន្នផលយន្តហោះពាណិជ្ជកម្ម ហើយបានសម្តែងការសង្ស័យអំពីការបន្តការបញ្ជូនយន្តហោះទៅចិនវិញក្នុងពេលឆាប់ៗ។
ការចងក្រុមហ៊ុន Boeing ទៅក្នុងកិច្ចសន្យាតម្លៃថេររបស់រដ្ឋាភិបាលគឺមិនសមហេតុផលទេ នេះបើយោងតាមនាយកប្រតិបត្តិលោក ដេវ ខាល់ហួន (Dave Calhoun)ទទួលស្គាល់នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBCដែលនិយាយអំពីការអនុវត្តពោរពេញដោយបញ្ហារបស់ក្រុមហ៊ុនលើការកែប្រែលទ្ធកម្មយន្តហោះ Air Force One ដែលបានចរចាជាមួយលោក ដូណាល់ ត្រាំ។
លោកខាល់ហួនបាននិយាយថា “ប្រហែលជាកំហុសដ៏ធំបំផុតហើយ… យន្តហោះ Air Force One គឺមានចរិតតម្លៃថេរ” ដោយបន្ថែមថា កិច្ចសន្យាប្រភេទ “លើកទឹកចិត្តខាងតម្លៃ”នឹងល្អប្រសើរជាងសម្រាប់គម្រោងបែបនេះ។
ការលំបាកនៅក្នុងកម្មវិធីការពារជាតិរបស់ Boeing បានកើតឡើង ខណៈក្រុមហ៊ុនបានឃើញការកើនឡើងនៃប្រាក់ចំណូលនៅក្នុងផ្នែកយន្តហោះពាណិជ្ជកម្មរបស់ខ្លួនបន្ទាប់ពីការបន្តការចែកចាយយន្តហោះ 787 Dreamliner និងការកើនឡើងនៃការចែកចាយយន្តហោះ 737 MAX ។
ក្រុមហ៊ុនយន្តហោះយក្សនេះបានរាយការណ៍ពីការកើនឡើងបួនភាគរយនៃប្រាក់ចំណូលគឺស្មើនឹង ១៦ ពាន់លានដុល្លារ ដែលធ្វើបានល្អហួសពីការប៉ាន់ប្រមាណរបស់អ្នកវិភាគផងដែរ។
ផ្ទុយទៅវិញ ក្រុមហ៊ុន Boeing បានបញ្ជាក់ជាថ្មីថា ខ្លួនកំពុងស្ថិតនៅលើផ្លូវសម្រាប់លំហូរសាច់ប្រាក់ដោយសេរីជាវិជ្ជមានក្នុងឆ្នាំ ២០២២ ជាសេចក្តីថ្លែងការណ៍មួយដែលបានជំរុញភាគហ៊ុនជាបណ្តោះអាសន្ន។ ក្រុមហ៊ុនក៏បានពណ៌នាអំពីតម្រូវការសម្រាប់យន្តហោះពាណិជ្ជកម្មថាមានភាពរឹងមាំផងដែរ បើទោះបីជាមានការព្រួយបារម្ភអំពីសេដ្ឋកិច្ចពិភពលោកកាន់តែទូលំទូលាយក្តី៕
Boeing បានរាយការណ៍ពីការខាតដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ៣,៣ ពាន់លានដុល្លារក្នុងត្រីមាសទីបីកាលពីថ្ងៃពុធទី២៦តុលា