កីឡាករ​គុន​ខ្មែរ​ដែល​ទទួល​ជ័យជម្នះ​ការប្រកួត​នៅ​បារាំង បានទទួល​ប្រាក់រង្វាន់​លើកទឹកចិត្ត ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់

1661
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: កីឡាករ​ប្រដាល់​គុន​ខ្មែរ ៤​រូប​ដែល​ដណ្ដើមបាន​ជ័យជំនះ និង​ខ្សែក្រវ៉ាត់​អន្តរជាតិ Rahu Fight II ២០១៨ នៅ​ប្រទេស​បារាំង​បានទទួល​ប្រាក់រង្វាន់​លើកទឹកចិត្ត ក្នុង​ម្នាក់​៥០០​ដុល្លារ​អាមេរិក ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់​។​

​ពិធី​ប្រគល់​នេះ បាន​ត្រូវធ្វើឡើង​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨​នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ខ្សែក្រវ៉ាត់​ភេសជ្ជៈ​គោ​ជល់ នៃ​ស្ថានីយ៍ទូរទស្សន៍​ស៊ី​អិន​ស៊ី​។​

​សូមជម្រាបថា​កីឡាករ មឿ​ន សុភា និង ឡៅ ចន្ទ្រា បានឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​ដោយ​ពិន្ទុ ឯ​កីឡាករ ឃឹម ឌី​ម៉ា ប្រសា​ល់​ឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​និង​គ្រង​ដំណែង​ម្ចាស់​ខ្សែក្រវ៉ាត់​នៅ Rahu Fight II 2018 នៃ​ប្រទេស​បារាំង​។ ដូចនេះ​កីឡាករ​ទាំងបី​ទទួលបាន​ម្នាក់ ៥០០ ដុល្លារ​(២​លាន​រៀល​)​ចំណែក​កីឡាករ ផាន់ គ្រាន់​ដោយ​វាយ​ស្មើនឹង​កីឡាករ​បារាំង ក្រុមហ៊ុន​គោ​ជល់​សម្រេចចិត្ត​លើកទឹកចិត្ត​ផងដែរ គឺ​ទទួលបាន ៣០០ ដុល្លារ (១.២ លាន​រៀល​)​។​

​លោក មាន សំអុល នាយក​គ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ បាន​សន្យា​នឹង​ជូន​រង្វាន់​លើកទឹកចិត្ត​ដល់​អ្នក​ប្រដាល់​គុន​ខ្មែរ កម្ពុជា​៤​រូប​ប្រសិនបើ​ពួកគាត់​ឈ្នះ និង​ដណ្ដើមបាន​ខ្សែក្រវ៉ាត់​។ ដោយ​ចង់​លើកស្ទួយ​បន្ថែម​ដល់​កីឡាករ​ដែលមាន​ឱកាស​ចេញទៅ​ប្រដាល់​ក្រៅប្រទេស​ផងដែរ​នោះ លោក មាន សំអុល បានសម្រេច​បន្ថែម​ទឹកប្រាក់ ៥០០​ដុល្លារ​ទៀត​ដល់​កីឡាករ រឿង សុភ័ណ្ណ ម្ចាស់​ខ្សែក្រវ៉ាត់​ប្រដាល់​គុន​ខ្មែរ ភេសជ្ជៈ​គោ​ជល់ ឆ្នាំ​២០១៧ ដែល​ទទួលបាន​ខ្សែក្រវ៉ាត់​ពីរ​ផ្សេងទៀត​ពី​ប្រទេស​បារាំង​ដូចគ្នា ហើយ​ប្រាក់រង្វាន់​ទាំងអស់​បានប្រគល់ ជូន​ដល់​កីឡាករ​ទាំង​៥​រូប​រួចរាល់​ហើយ នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ភេសជ្ជៈ​គោ​ជល់ នៅ​ស៊ី​អិន​ស៊ី​។

​គួរ​បញ្ជាក់ថា ដោយ​ចង់​លើកស្ទួយ​កីឡាប្រដាល់​គុន​ខ្មែរ​ឲ្យ​មាន​ភាពល្បីល្បាញ​ក្នុង​និង​ក្រៅប្រទេស ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល់ បាន​និង​បន្ត​បង្កើត​កម្មវិធី​ប្រដាល់​គុន​ខ្មែរ ជាពិសេស​កម្មវិធី​ប្រដាល់​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល់ និង​ប្រដាល់​គុន​ខ្មែរ​ផ្សេងៗ​ទៀតផង​ដែរ​។ ​មិនតែប៉ុណ្ណោះ​ ក្រុមហ៊ុន​បាន​ជួយ​ជ្រោមជ្រែង​ដល់​កីឡាករ​ជា​ទឹកប្រាក់​លើកទឹកចិត្ត​ ដើម្បី​ឲ្យ​កីឡាករ​ខិតខំ​ប្រឹងប្រែង ដើម្បី​លើក​កិត្តិយស​ជាតិ និង​ប្រដាល់​ក្បាច់គុន​បុរាណ​របស់​ខ្មែរ​យើង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម