ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តី នៃបណ្តាប្រទេសសមាជិក វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដែលបានរៀបចំឡើង នាទីស្នាក់ការកណ្តាល វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។

កិច្ចប្រជុំនេះ បានរៀបចំឡើង នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅប្រទេសកូរ៉េ ។ បន្ទាប់ពីសុន្ទរកថា បើកកិច្ចប្រជុំរបស់លោក បាន គីមូន ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍បៃតង សកល និងជាអតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ រួចមក លោក អ៊ាង សុផល្លែត ដែលជាប្រធានប្រតិភូកម្ពុជា ហើយក៏ជាភ្ញៀវដែលត្រូវបានគេអញ្ជើញជាពិសេស ក្នុងចំណោមបណ្តាប្រទេសសមាជិក ក៏បានឡើងថ្លែងសុន្ទរកថាពិសេស សម្រាប់អបអរខួប គម្រប់ ១០ ឆ្នាំ នៃការបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល នេះផងដែរ។

បើតាមប្រភពពី ក្រសួងបរិសា្ថន បានឱ្យដឹងថាៈ នៅក្នុងសុន្ទរកថាពិសេសនេះ លោក អ៊ាង សុផល្លែត បានបញ្ចាក់ឱ្យដឹងថា ក្នុងនាមជាប្រទេសស្ថាបនិក វិទ្យាស្ថានអភិវឌ្ឍន៍បៃតង សកល កម្ពុជា ពិតជាមានមោទនភាព កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលសម្រេចបានកន្លងមក ហើយថ្លែងអំណរគុណ ចំពោះការចូលរួមរបស់វិទ្យាស្ថានអភិវឌ្ឍន៍ បៃតងសកល ក្នុងចូលរួមចំណែក ក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចបៃតង នៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ អំពីគោលនយោបាយអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងបានរំលេចអំពី ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលទើបធ្វើវិសោធនកម្ម នៅឆ្នាំ២០២១ ដែលជំរុញលើកកម្ពស់ ការអភិវឌ្ឍបច្ចេកវិទ្យា និងការវិនិយោគបៃតង។

ទាក់ទិនក្នុងរឿងនេះដែរ លោកប្រធានប្រតិភូកម្ពុជា បានថ្លែងដោយធ្វើការរំលេច នូវគម្រោងមួយចំនួន រួមទាំងការអភិវឌ្ឍធនធានមនុស្ស លើវិស័យថាមពលអ៊ីដ្រូសែនបៃតង ការអភិវឌ្ឍសហគមន៍គ្មានការបញ្ចេញកាបូន ការផលិតថង់ពីសារធាតុ ដែលងាយរលាយ (Biodegradable plastic) ជំនួសថង់ប្លាស្ទិក ដែលនៅកម្ពុជា សម្បូរនូវវត្ថុធាតុដើមស្រាប់ និងគម្រោងដទៃទៀត ដែលវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល អាចពិនិត្យ ពិចារណាចូលរួម ចំណែកក្នុងដំណើរការអភិវឌ្ឍ បៃតងរបស់កម្ពុជា។

សូមបញ្ជាក់ថា ប្រតិភូកម្ពុជាដែលដឹកនាំ ដោយលោករដ្ឋលេខាធិការ រួមមាន លោកអគ្គនាយក និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន គោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន សម្រាប់កម្មវិធីសប្តាហ៍អភិវឌ្ឍន៍បៃតងសកល ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បាននិងកំពុងចូលរួមព្រឹត្តិការណ៍អមនានា និងកិច្ចប្រជុំ រួមមាន ១.កិច្ចប្រជុំពេញអង្គលើកទី១១ និងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៥ នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតង សកល ២.កិច្ចប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ៣. ព្រឹត្តិការណ៍អមស្តីពី «ដំណើរឆ្ពោះទៅកាន់ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើង​វិញ នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ នៅកម្ពុជា» ជាដើម ៕/V-PC