ដោយៈ សុផានីតា / កោះកុង​ ៖ លោកស្រី មិថុនា ភូថង ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តកោះកុង បានលើកឡើង ពីគុណសម្បត្តិថាៈ ក្រុមយុវជនក្នុងខេត្ត បានចូលរួមចំណែក យ៉ាងសកម្ម លើកិច្ចការងារទ្រទ្រង់សង្គម ប្រកបដោយស្មារតីស្ម័គ្រចិត្ត។

លោកស្រី មិថុនា ភូថង បានវាយតម្លៃថា ប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនរបស់សហភាព សហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ទូទាំងខេត្តកោះកុង បានចូលរួមយ៉ាង សកម្មបំផុត ពេលមូលដ្ឋានមានតម្រូវការឱ្យពួកគេ មិនថា ពេលមានជំងឺកូវីដ-១៩ គ្រោះមហន្តរាយ អនាម័យ បរិស្ថាន អប់រំ និងវិស័យទេសចរណ៍ នោះឡើយ។

ក្នុងពិធីប្រកាសកែសម្រួល សមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ស្រុកមណ្ឌលសីមា ជិត ១.០០០ នាក់ រសៀលថ្ងៃទី២៦ ខែតុលា លោកស្រី មិថុនា ភូថង ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង កោតសរសើពីទឹកចិត្ត ពុះពាររបស់យុវជន ដោយមិនគិតប្រាក់កម្រៃ និងពេលវេលាផ្ទាល់ខ្លួននោះ ដែលនេះសបញ្ជាក់ថា យុវជន យល់ដឹងពីសេចក្តីត្រូវការ របស់សង្គមជាតិបច្ចុប្បន្ន។

ទន្ទឹមនោះ លោកស្រី ក៏បានស្នើដល់ ក្រុមយុវជន នៅស្រុកមណ្ឌលសីមា បន្តរួមគ្នាចូលរួម ការពារសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ ចៀសវាងជឿតាមការញុះញង់ របស់បក្សប្រឆាំង ឬលោក សម រង្សី ជាជនក្បត់ជាតិ ៣ ជំនាន់ ដែលតែងចង់បំផ្លាញសន្តិភាព ព្រមទាំងធ្វើនយោបាយ ជេរប្រមាថអង្គព្រះមហាក្សត្រ។

លោកស្រី មិថុនា ភូថង ជំរុញដល់យុវជនបន្តវេន ចាំបាច់ត្រូវបង្កើនចំណេះដឹងអភិវឌ្ឍន៍ ខ្លួនឯង ដើម្បីក្លាយជាធនធាន ដ៏មានសារៈសំខាន់ ទៅថ្ងៃអនាគត ការចូលរួមសកម្មភាពគាំទ្រ ជួយការងារសង្គម គោរពអនុវត្តច្បាប់ និងលើកកម្ពស់សុខុមដុមនីយកម្ម។

ដោយឡែក លោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកមណ្ឌលសីមា បានឱ្យដឹងដែរថាៈ យុវជន ស.ស.យ.ក. ស្រុកមណ្ឌលសីមា ពិតជាបាន ចំណាយពេលវេលា ក៏ដូចជា ចូលរួមសម្អាតអនាម័យបរិស្ថាន ផ្តល់អំណោយសប្បុរសធម៌ សុខាភិបាល កីឡាអប់រំ និងជាអ្នកសង្កេតការណ៍ តាមការិយាល័យបោះឆ្នោត កន្លងទៅ ខណៈសហគមន៍ ត្រូវការពួកគេ។

ចំពោះការការពារសន្តិភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃ ត្រូវបានលោក ក្រូច បូរីសីហា ប្តេជ្ញាចិត្តបំផុសគំនិត អប់រំផ្សព្វផ្សាយ ទៅកាន់សមាជិក សមាជិកាយុវជនស្រុកមណ្ឌលសីមា បន្តបង្កើនចំណេះដឹង គោរពច្បាប់ ធ្វើជាពលរដ្ឋល្អ ស្រឡាញ់ថែរក្សាការពារវប្បធម៌ ប្រពៃណី ចូលរួមលេងកីឡា និងគាំទ្រគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕/V-PC